(ព្រះវិហារ)៖​ លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងថា ក្នុងឆមាសទី១ (៦ខែ) ឆ្នាំ២០១៧នេះ អាវុធកែច្នៃគ្រប់ប្រភេទចំនួន២៤៨ដើម ត្រូវបានធ្វើការដកហូតពីប្រជាពលរដ្ឋ និងមួយចំនួនទៀត បានមកពីការស្មគ្រ័ចិត្តរបស់ប្រជាពលរដ្ឋ យកមកប្រគល់ឲ្យតែម្តង។

ការថ្លែងបែបនេះរបស់ស្នងការត្រូវបានធ្វើឡើង ក្នុងឱកាសដែលលោកចូលរួមប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧​។

​លោកឧត្តមសេនីយ៍ត្រី យិន ចំណាន បញ្ជាក់ថា អាវុធទាំង២៤៨ដើម ដែលទទួលបាននោះរួមមាន៖ អាវុធកែច្នៃប្រភេទកាប៊ុន ចំនួន២១៣ដើម, អាវុធកែច្នៃប្រភេទស្នប់ខ្យល់ ចំ​នួន១៨ដើម និងអាវុធកែច្នៃប្រភេទស្នាតេះ ចំនួន១៧ដើមផងដែរ។

លោកស្នងការបន្តថា អាវុធទាំងអស់នេះ គឺបានមកពីការដកហូតពីប្រជាពលរដ្ឋ និងមួយចំនួនទៀត​ បានមកពីការស្មគ្រ័ចិត្តរបស់បងប្អូនប្រជាពលរដ្ឋ យកមកប្រគល់ឲ្យនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនានា នៅតាមក្រុងស្រុក ហើយលទ្ធផល ដែល​ទទួលបាននៅពេលនេះ គឺដោយមានការចង្អុលណែនាំពីសំណាក់ ​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារផងដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ​បច្ចុប្បន្ននេះ​លោកបានជំរុញឲ្យ​នគរបាល​នៅតាមប៉ុស្តិ៍រដ្ឋបាលនានា ត្រូវផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋ យល់ដឹងស្តីពីប្រើប្រាស់ និងរក្សាទុកអាវុធ ដោយខុសច្បាប់តើវាមានទោសកម្រិតណា? និងជំរុញឲ្យពលរដ្ឋយកអាវុធទាំងនេះមកប្រគល់ឲ្យសមត្ថកិច្ច។ ក្រៅពីទទួលបានអាវុធ២៤៨ដើម ស្នងការខេត្តព្រះវិហារ ក៏បានទទួល​សំណល់ អាវុធយុទ្ធភ័ណ្ឌ និងគ្រាប់មិនទាន់ផ្ទុះចំនួន៣៧គ្រាប់ ដែលប្រជាពលរដ្ឋបានប្រទះឃើញ ហើយក៏បានយកទៅប្រគល់ជូនអង្គភាពកំចាត់ម៉ីន ដើម្បីធ្វើការកម្ទេចចោលផងដែរ។

ជាមួយគ្នានោះ​លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងនូវការកោតសរសើរដល់លោកស្នងការ ក៏ដូចជា​កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានខិតខំប្រមូលបាននូវអាវុធកែឆ្នៃគ្រប់ប្រភេទនេះ ដែលជាហេតុធ្វើឲ្យកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ ក៏ដូចជាករណីឃាតកម្មផ្សេងៗ ហើយលោកជំរុញឲ្យសមត្ថកិច្ច ត្រូវធ្វើការស្រាវជ្រាវរកទីតាំងផលិតអាវុធនេះ ដើម្បីឈានទៅដល់ការបង្រ្កាបឲ្យអស់តែម្តង៕