(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃចន្ទនេះ បានថ្លែងថា ដើមហេតុនៃ ជម្លោះ និងសង្រ្គាម គឺកើតឡើងដោយសារការជេរប្រទិច និងការប្រមាថ មិនចាំបាច់ដល់មានអាវុធនោះទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូន សិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលក្នុងនោះមានព្រះសង្ឃ១៣អង្គ និងនារី៩៨នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះភាគច្រើន បានកើតឡើងដោយសារ ពាក្យសម្តីព្រហើន ប្រមាថគ្នា បង្កជារឿងក្តីក្តាំនៅតុលាការ ហើយបើសិន ជាការប្រមាថ ការជេរប្រទេច នៅតែមានលទ្ធភាពនៃជម្លោះ សង្រ្គាម ក៏នៅតែអាចកើតមានដែរ ទោះបីកម្ពុជាមានសន្តិភាព និងស្ថិរភាពក៏ដោយ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា នឹងមានហានិភ័យខ្ពស់។ សន្តិភាព គឺសន្តិភាពហើយ ស្ថិរភាព គឺស្ថិរភាពហើយ ប៉ុន្តែហេតុអ្វីបានខ្ញុំ នៅតែនិយាយអំពីលទ្ធភាពនៃជម្លោះ»។ សម្តេចបានបន្ថែមថា «ការប្រមាថបែបនេះ វានឹងនាំទៅដល់ជម្លោះ នៅក្នុងផ្លូវតុលាការ ប្តឹងផ្តល់នៅតាមផ្លូវតុលាការ»

សម្តេចបានបន្ថែមថា នាថ្មីៗនេះ មានយុវជនម្នាក់ បានប្រមាថអាយុជីវិតសម្តេច នៅលើបណ្តាញសង្គម Facebook ដោយផ្សព្វផ្សាយបំភ្លៃថា សម្តេចបានជួបឧបទ្ទវហេតុផ្ទុះយន្តហោះ ពេលទៅទស្សនកិច្ចនៅប្រទេសវៀតណាម ដែលទង្វើនេះ ជាការប្រមាថធ្ងន់ធ្ងរបំផុត មិនអាចទទួលយកបាន ហើយសម្តេចបានជំរុញឱ្យសមត្ថកិច្ចស្វែងរកអ្នកដែលបំភ្លៃព័ត៌មាននេះមកដាក់ទោសតាមច្បាប់។

សម្តេចបានបញ្ជាក់ថា «តើការប្រមាថនេះ ទទួលយកកើតទេ។ អាហ្នឹងទទួលយកមិនកើតទេ។ ហ្នឹងគឺជាអ្វី នាយករដ្ឋមន្រ្តីមួយស្លាប់»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា «អណ្តាតនេះហើយ ដែលនាំឱ្យមានជម្លោះ។ ឥឡូវអាហ្នឹងជម្លោះនៅក្នុងតុលាការ ប៉ុន្តែការវ៉ៃគ្នាបែកក្បាល ប្តឹងគ្នារាល់ថ្ងៃ ក៏មកពីអណ្តាតដែរ ដែលជួនកាលឈានដល់ការកាប់គ្នា មកពីអ្វី គឺមកពីសម្តីដែរ អញ្ចឹងដើមហេតុ នៃរឿងក្តីក្តាំនៅតុលាការ ក៏ចេញពីសម្តី វ៉ៃគ្នានៅក្នុងតុគុយទាវ ក៏ផ្តើមពីសម្តី ហើយសង្រ្គាម វាក៏ចេញពីសម្តីដែរ បើអ្នកឯងមិនអប់រំ មិនថ្កោលទោស ជាមួយអំពើទាំងនេះ លទ្ធភាពក៏នៅតែមានអញ្ចឹង ហើយកុំថាគេប្រើអំណាចច្បាប់»(សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ ខាងលើ)៖