(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុ​ខ ឥសាន បានព្រមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណបក្សសង្រ្គោះជាតិ ដែលលើកឡើងអំពីការទាមទារទឹកដីកម្ពុជាក្រោម និងកោះត្រល់ត្រឡប់មកវិញ នៅពេលគណបក្សសង្រ្គោះជាតិដឹកនាំរាជរដ្ឋាភិបាល។ លោក សុខ​ ឥសាន បានចាត់ទុកថា ការមានបន្ទូលបែបនេះ គឺជាការបោកប្រាសរាស្រ្ត ដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។

កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ក្នុងពិធី​រំលឹក​ការ​ចងចាំ​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅក្នុងវត្តចាស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានសន្យាចំពោះ ប្រជាពលរដ្ឋខ្មែរក្រោម ដែលបានចូលរួមក្នុងពិធីនេះ​ថា ព្រះអង្គនឹង​ទាមទារ ទឹក​ដី​កម្ពុជា​ក្រោមពី​វៀតណាម​មក​វិញ បើសិនជា គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត នៅអាណត្តិក្រោយនេះ​ ហើយបានដឹកនាំរាជរដ្ឋាភិបាល។​

ពាក់ព័ន្ធនឹងរឿងទឹកដីកម្ពុជាក្រោមនេះ លោក សុខ ឥសាន បានថ្លែងថា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ បានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ពុះពារគ្រប់ឧបសគ្គ ដើម្បីប្រជាជាតិកម្ពុជា បានឈ្វេងយល់ថា មិនអាចទាមទារបាន ទឹកដីកម្ពុជាក្រោមមកវិញទេ ហើយនៅក្នុងព្រះរាជសារលិខិតរបស់ព្រះអង្គផ្ញើជូន លោក ផាំ វ៉ាន់ដុង នាយករដ្ឋមន្ត្រីវៀតណាម នាឆ្នាំ១៩៩៩ ក៏ព្រះអង្គបានបញ្ជាក់ថា ដែនដីកម្ពុជាក្រោម រួមទាំងកោះត្រល់ និងកោះមួយចំនួនទៀត បានបាត់បង់រួចទៅហើយដោយសារបារាំងបានកាត់ទៅឲ្យវៀតណាម ។

លោក សុខ ឥសាន បានថ្លែងទៀតថា «ដូច្នេះ បើសម្តេចព្រះបីតាឯករាជ្យជាតិ ព្រះនរោត្តម សីហនុ មិនអាចទាមទារដែនដីកម្ពុជាក្រោម បានមកវិញនោះ ហើយទ្រង់ធម្មិកោដែលត្រូវជាក្មួយព្រះករុណាថា អាចទាមទារមកវិញបាននោះ មានតែធម្មិកោ ខ្លាំងជាងព្រះករុណាព្រះនរោត្តម សីហនុ? ស្នេហាជាតិជាង សម្តេចព្រះនរោត្តម សីហនុ? តើប្រជារាស្ត្រខ្មែរជឿថា ទ្រង់ធម្មិកោ ស្នេហាជាតិជាងសម្តេចឪ សម្តេចតា សម្តេចតាទួតយើងដែរឬទេ។ បើមិនជឿថា (ព្រះអង្គម្ចាស់) ធម្មិកោស្នេហាជាតិជាងសម្តេចឪ សម្តេចតា សម្តេចតាទួត យើងទេ មានតែ (ព្រះអង្គម្ចាស់) ធម្មិកោ ភូតកុហក់ប្រជារាស្ត្រខ្មែរ យ៉ាងពិតប្រាកដ»