(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវដល់ក្រុមហ៊ុនឯកជន ការីទេសចរណ៍ អ្នកជំនាញទេសចរណ៍ ដែលប្រតិបត្តិការលើវិស័យទេសចរណ៍ និងភា្នក់ងារសារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍កម្ពុជា​អន្តរជាតិ» ឲ្យបានច្រើនកុះករ ដើម្បីទទួលបានឱកាសពង្រីកទំនាក់ទំនង​អាជីវកម្មជាមួយដៃគូជាតិ-អន្តរជាតិនានា។

ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី១ នឹងប្រារព្ធឡើងនៅខេត្តសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានក្រុមហ៊ុនទេសចរណ៍ ការីទេសចរណ៍ អ្នកជំនាញទេសចរណ៍ ភា្នក់ងារសារព័ត៌មានជាតិ-អន្តរជាតិ សហការចូលរួមជាង ៥០០ក្រុមហ៊ុន/ភ្នាក់ងារ ហើយក៏ទទួលបានការគាំទ្រពីស្ថាប័នជាតិ នៃប្រទេសជាសមាជិកអាស៊ាន សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍​ក្នុងតំបន់ ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី១ នៅសណ្ឋាគារណាហ្គាវើល នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ថោង ខុន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានកម្មវិធីសំខាន់ៗជាច្រើន ដូចជា ការណាត់ជួបពិភាក្សាក្នុង​ធុរកិច្ចតាមប្រព័ន្ធអនឡាញ ការប្រកួតវាយកូនហ្គោលលក្ខណៈមិត្តភាព សិក្ខាសាលាអំពីប្រធានបទផ្សេងៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដំណើរកម្សាន្ត និងការដាក់តាំងបង្ហាញផលិតផល និងសេវាកម្មទេសចរណ៍នានា។

លោករដ្ឋមន្ត្រីបានបន្តថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនេះ គឺជាការបង្ហាញអំពីគោលជំហររបស់កម្ពុជា ក្នុងការចូលរួមជ្រោមជ្រែង​ផ្សព្វផ្សាយ​គោលដៅទេសចរណ៍អាស៊ាន ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ដើម្បីអបអរសាទរឆ្នាំទស្សនាអាស៊ាន ខួបលើកទី៥០។

លោកបានរំឭកថា កាលពីឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ កើនឡើង ៥%។ ជាការរំពឹកទុក សម្រាប់ឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ៥.៥លាននាក់ ហើយនៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានទេសចរ​អន្តរ​ជាតិយ៉ាងតិច ៧លាននាក់។

ក្រសួងទេសចរណ៍ បានរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី១ នៅខេត្តសៀមរាបអង្គរ ឆ្នាំ២០១៧​នេះ ក៏ជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការរួមចំណែកធ្វើឲ្យវិស័យទេសចរណ៍កម្ពុជា មានការអភិវឌ្ឍ និងសម្រេចបានគោលដៅដែល​បានគ្រោងទុកផងដែរ៕