(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា(U-22) បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ដើម្បីចូលរួមប្រកួតដណ្ដើមពានរង្វាន់ KBZ Bank Cup 2017 ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី០២ ខែកក្កដាខាងមុខ ។

បេសកកម្មលក្ខណៈអន្ដរជាតិនេះ គឺដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Vitorino រួមទាំងកីឡាករ ២៣នាក់ ។ លោក Leonardo បានចាត់ទុការចូលរួមប្រកួតពានរង្វាន់ KBZ Bank Cup 2017 គឺជាការត្រៀមខ្លួនកាន់តែល្អ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩-៣០ ខែសីហាខាងមុខ ។

សម្រាប់ការប្រកួតបើកឆាករបស់ក្រុម U-22កម្ពុជា នឹងធ្វើឡើងថ្ងៃទី២៨ ខែមិថុនាស្អែកនេះ ដោយត្រូវជួបក្រុមយុវជន U-22 មីយ៉ាន់ម៉ា ។ បន្ទាប់មកត្រូវជួបក្រុម Japan Universiad មកពីជប៉ុន និងក្រុម U-22 ហុងកុង ។ ចាំមើលតើលោក Leonardo អាចបង្កើតកំណត់ថ្មីជូនកម្ពុជា នៅក្នុងព្រឹត្តិការណ៍អន្ដរជាតិមួយនេះបានឬទេ?