(សៀមរាប)៖ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការ ICC-Angkor កន្លងទៅថ្មីៗនេះ អ្នកជំនាញ Ad Hoc នៃអង្គការយូណេស្កូ បានធ្វើបទបង្ហាញមួយចំនួន ដោយបានលើកករណីការបំផ្លិចបំផ្លាញបេតិកភណ្ឌតាមរយៈសង្គ្រាមស៊ីវិល ហើយការលើកករណីនេះមកបង្ហាញ ក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការ ICC-Angkor ជាការរំលឹកដល់ស្ថាប័នពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់ខ្ពស់លើការអភិរក្សបេតិកភណ្ឌអង្គរ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានថ្លែង ក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនេះកាលពីថ្ងៃទី២២ ខែមិថុនា​ថា ​អ្នកជំនាញជាន់ខ្ពស់ បានធ្វើបទបង្ហាញនូវផលវិបាករបស់សង្រ្គាម ចំពោះសំណង់បេតិកភណ្ឌ ដោយបានបង្ហាញពីការបំផ្លាញបេតិកភណ្ឌជាច្រើន នៅលើពិភពលោក តាមរយៈរូបភាពនានានៅក្នុងសង្រ្គាម។

លោកស្រីបន្ថែមថា «ក៏ប៉ុន្តែ យើងដឹងហើយប្រទេសរបស់យើង មិនមានសង្គ្រាមទេ ដូច្នេះការណ៍មួយចំនួនដែលអ្នកជំនាញ ឬក៏អ្នកចូលរួមក្នុងកិច្ចប្រជុំអាយស៊ីស៊ី លើកឡើង គឺ​គេមានការបារម្ភចំពោះសំណង់អនាធិបតេយ្យមួយចំនួន ដែលកើតឡើងនៅក្នុងតំបន់អង្គរយើងនេះទេ ព្រោះហេតុអី្វ? យើងត្រូវយល់ថា តំបន់អង្គរ បានចុះបញ្ជីទៅក្នុងបេតិកភណ្ឌពិភពលោកហើយ នៅពេលដែលយើងចុះបញ្ជីបេតិកភណ្ឌពិភពលោក កម្ពុជាមានកាតព្វកិច្ច ត្រូវគោរពនូវស្តង់ដារអន្តរជាតិមួយចំនួន អញ្ចឹង​នៅពេលដែលស្តង់ដារអន្តរជាតិមួយចំនួន ត្រូវបានរំលោភ យើងនឹងមានការព្រួយបារម្ភ មិត្តភក្តិរបស់យើងទាំងក្នុង និងក្រៅប្រទេស តែងតែយកចិត្តទុកដាក់ ដូចជាជួយណែនាំ​ជួយរំលឹកថា ​មានកិច្ចការដែលត្រូវត្រួតពិនិត្យមើល កុំឲ្យរឿងហ្នឹងហួសពេល»

​ប្រធានអាជ្ញាធរបញ្ជាក់ថា បាតុភាពខ្លះ​តែកើតឡើងហើយ មិនអាចត្រឡប់មកវិញបានទេ អញ្ចឹងកិច្ចការដែលខិតខំប្រឹងប្រែងការពារទាំងអស់គ្នានេះ វាអាចជាឧទាហរណ៍មួយដែរ ដែល​ត្រូវខិតខំ​កុំឲ្យវាហួសពេលទាន់។ ម្យ៉ាងទៀតត្រូវដឹងថា កម្ពុជាមិនមែនមានតែតំបន់អង្គរមួយទេ ដោយបានចុះបញ្ជីតំបន់អង្គរ ប្រាសាទព្រះវិហារ ​នៅមានតំបន់ផ្សេងៗទៀតដូចជា សម្បូណ៌ព្រៃគុក បន្ទាយឆ្មា ព្រះខ័ន ឬក៏តំបន់បេតិកភណ្ឌមួយចំនួននៅភ្នំគូលែនដែរ។

​ដូច្នេះបើការថែរក្សាតំបន់ដែលចុះក្នុងបញ្ជីហើយ គឺគ្រប់គ្រងមិនបានដិតដល់វាអាចផ្តល់ការលំបាកដល់ការចុះបញ្ជីថ្ងៃក្រោយទៀត។ បើ​ចង់ចុះ បញ្ជីសម្បូណ៌ព្រៃគុក បន្ទាយឆ្មារ គេអាចនិយាយថា ឥឡូវគ្រាន់តែតំបន់អង្គរគ្រប់គ្រង មិនបានផង ទៅចុះបញ្ជីអីផ្សេងទៀត ហើយ​រឿងដែល​បារម្ភពីបេតិកភណ្ឌជាតិនានា ដែលនឹងត្រូវចុះបញ្ជីនៅថ្ងៃខាងមុខ ក៏ដូចជាបារម្ភនឹងចំណាត់ថ្នាក់អង្គរទៅក្នុងតំបន់ដែលងាយរងគ្រោះ ពីព្រោះនៅពេលដែលសំណង់ ឬការរៀបចំ ខ្វះសណ្តាប់ធ្នាប់ វាអាចធ្វើ​មានភាពងាយរងគ្រោះ ប៉ុន្តែ​ត្រូវដឹងថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា គឺ​មានឆន្ទៈខ្ពស់ក្នុងការថែរក្សា​៕