(ប៉ៃលិន)​៖ នៅថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៧នេះ រថយន្តមន្ទីរចល័តពិសោធន៍កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះអនុវត្តត្រួត​ពិនិត្យរកមើលមុខទំនិញ សាច់ បន្លែ​ គ្រឿងសមុទ្រ គ្រឿងទេស ផ្លែឈើ នៅមុខច្រកទ្វារអន្តរជាតិព្រំប៉ៃលិន​ ខេត្តប៉ៃលិន​ ប៉ុន្តែជាលទ្ធផល មិនបានរកឃើញសារធាតុគីមី។

លោក សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានថ្លែងថា នេះជាលើកទី១ហើយ ​សំរាប់ខេត្តប៉ៃលិន ​ដែលបានទទួល បានការយកចិត្តទុកពីក្រសួងកាំកុងត្រូល និងក្រសួងពាណិជ្ជកម្ម តែតែគិតគូររាល់បញ្ហាសុវត្ថិភាព របស់ប្រជាពលរដ្ឋគ្រប់រូប។

លោកបន្តថា «រថយន្តមន្ទីរចល័តពិសោធន៍កាំកុងត្រូល បានរកមើលទំនិញណាដែលលាយផ្សំជាមួយសារធាតុគីមី​ ដូចជា៖ បន្លែ​ ត្រី​ សាច់​ គ្រឿងសមុទ្រ ផ្លែឈើចម្រុះ​ដែលបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពមនុស្សយើងគ្រប់រូប»

មន្ត្រីរថយន្តមន្ទីរចល័តពិសោធន៍កាំកុងត្រូល បានបញ្ជាក់ដូច្នេះថា ថ្ងៃនេះរថយន្តមន្ទីរចល័ត បានមកដល់ខេត្តប៉ៃលិនជាលើកទី១ហើយ​ ហើយយើងរកមុខ ទំនិញចម្រុះ​​​ដែលនាំយក មកពីប្រទេសថៃ​ នៅជាប់បន្ទាត់ព្រំដែនក្បែរគ្នា ក្រែងមានឈ្មួញខិលខូចលួចលាយ ផ្សំសារធាតុគីមីដែលបង្កប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

មន្ត្រីរថយន្តមន្ទីរចល័តពិសោធន៍កាំកុងត្រូល បានបញ្ជាក់បន្ថែមថា​ ត្រី​ សាច់ បន្លែ គ្រឿងសមុទ្រ​ និងទំនិញចម្រុះដែលនាំចេញពីប្រទេសថៃ គ្មានទេសារធាតុគីមីនោះ​ឡើយ៕