(ប៉ៃលិន)៖ នារសៀល​ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០១៧នេះ លោក សាន​ វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល សហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរក្រុង​ខេត្តជាច្រើនរូប ចុះរកមុខទំនិញ​ សាច់​ បន្លែ គ្រឿងទេស ប្រហិត ខ្នាញ់ នំ បង្អែម​ ត្រីស្រស់​​សរុបចំនួន៤២មុខ នៅក្នុងទីផ្សារ​ និងតាមគេហដ្ឋាននានាក្នុងខេត្តប៉ៃលិន។

លោក សាន វិជ្ជាសារ៉ាវុធ​ បានថ្លែងថា បច្ចុប្បន្ននេះបានផលិតផលម្ហូបអាហារផ្សព្វផ្សាយជូន​ដល់បងប្អូន​ប្រជាពលរដ្ឋឲ្យយល់ដឹង​ជារៀងរាល់ខែ និងជាពិសេសបន្តចុះត្រួត​ទំនិញខូច​គុណ​ភាព និងទំនិញលើសកាលបរិច្ឆេទ ប្រើប្រាស់​ដែលដាក់តាំង​លក់នៅតាមទីផ្សា​រនានាទូទាំង​ខេត្តប៉ៃលិនជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីដកហូតទំនិញខូច​គុណភាពទាំង​នោះយក​ទៅកំទិចចោល និងកុំឲ្យលក់នៅតាមទីផ្សារ ដែលធ្វើឲ្យហូចូល​ដល់បងប្អូនប្រជា​ពលរដ្ឋដែលទិញយកទៅប្រើប្រាស់ និងបរិភោគដែលនាំឲ្យប៉ះពាល់ដល់សុខភាព។

លោក សាន វិជ្ជាសារ៉ាវុធ​ បានបន្តថា ថ្ងៃនេះជាថ្ងៃសំខាន់ណាស់ខាងមន្ត្រីជំនាញយើងបានយករថយន្តមន្ទីរពិសោធន៍​ចល័តកាំកុងត្រូល ធ្វើតេស្តរកសារធាតុគីមី​ជាក់ស្តែងតែម្តង ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តនៅផលិតផលក្នុងស្រុក និងក្រៅស្រុកតែជាក់ស្តែងនាព្រឹក ថ្ងៃនេះមន្ត្រីជំនាញបានពិនិត្យនៅមុខច្រកទ្វារម្តង​ និងបន្តមកត្រួតពិនិត្យនៅក្នុងផ្សារ​ តាមគេហដ្ឋានទទួលបាននៅភាពអវិជ្ជមានទំនិញចំនួន៤២មុខ។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ជាក់ស្តែងនៅពេលនេះបានរកឃើញទំនិញហួសសុពលភាព និងខូចគុណភាពរួមមាន ទឹកក្រូចដបជ័រ មីកំប៉ុង មីកញ្ច​ប់ នំសណ្តែងបំពង ទឹកម្ទេស ទឹកសៀង នំស្រួយលីលី ហើយ​ក៏បាន​ធ្វើ​ការពន្យល់ណែនាំដល់អាវជីករដែលមិនទាន់យល់ច្បាស់ ឲ្យចេះពិនិត្យ​មើលចំពោះទំនិញដែលហួស សុពលភាព និងទំនិញក្លែងក្លាយ​ដែលមិនមានច្បាប់​អនុញ្ញាតិ ឬ​ទំនិញដែលមិនមានស្លាក​សញ្ញាត្រឹមត្រូវ​មកដាក់តាំង​លក់ដែលធ្វើឲ្យប៉ះ​ពាល់សុខ​ភាព​យ៉ាង​ធ្ងន់ធ្ងរ។ ផល​ប៉ះពាល់​ពី​ការ​ប្រើប្រាស់​មុខ​ម្ហូប​ខូច​គុណភាព ឬ​ភេសជ្ជៈ​ហួស​កំណត់​ប្រើប្រាស់ នាំ​ឲ្យ​សុខភាព​អ្នក​ប្រើ​ប្រាស់​មាន​ជំងឺ​ផ្សេងៗ ដូចជា​រាគរួស ក្អួត​ចង្អោរ ចុក​ពោះ និង​អាច​ឈាន​ដល់​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត បើ​សង្គ្រោះ​មិន​ទាន់ដូច្នេះហើយ ​អាជីវករ ពិសេស​ប្រជាពលរដ្ឋ​ដែល​ទិញ​ទំនិញជារាងរាល់ថ្ងៃ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជ្រើសរើស​អាហារ​មក​ទទួល​ទាន ឬ​លក់​ដូរ​បន្ត ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គុណភាព។

 ទន្ទឹមនេះអាជីវករទាំងអស់មុននឹងទិញទំ​និញយក​មក​​ដាក់តាំងលក់ត្រូ​វ​ពិនិត្យមើលកាលបរិច្ឆេត ថ្ងៃ ខែ ឆ្នាំ ផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បី​ជៀស​វាងពេល​សមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំ​ឲ្យខាត​បង់​ថវិការគ្រូសាររបស់បងប្អូន និងខាតបង់វេលា។

បើតាមការបញ្ជាក់បន្ថែមពីមន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល ធ្វើតេស្តរកសារធាតុគីមីនូវផលិតផល ម្ហូបអាហារ​ បន្លែ សាច់ចម្រុះចំនួន៤២មុខបានថ្លែងថា មួយថ្ងៃនេះយើងបានធ្វើតេស្តដូចជា ម្ចេសប្លោក ស្ពៃចង្កិះ សាឡាត ស្ពៃក្រញ៉ាញ់ ខ្ចីហាន ទំពាងបាយជូត្រាំ ទំពាំងជ្រក់ មឹក ផ្កាខាត់ណា ផ្កាគូឆាយ ខ្ទឹមបារាំង គល់ស្លឹកគ្រៃហាន់ ផ្លែប៉ោម ត្រីងៀត សាច់មាន់ សណ្តែងបណ្តុះ ផ្លែមង្ឃុត ប្រេងឆា ប្រហិតសាច់គោ ស្កត្នោត បាញ់កាញ់ លត ឆៃប៉ូវ សសៃគុយទាវ ផ្លែសាវម៉ាវ ផ្លែឡុងកុង សណ្តែងបណ្តុះ ត្រីសាម៉ុង ត្រីទីឡាបយ៉ា ត្រីចិនទឹកសាប ក្រូចខ្វិច ត្រីប្រា មើមឆៃថាវ ត្រប់ស្រួយ ម្រះ ខាត់ណា ស្លឹកខ្ទឹម ស្ពៃបូកគោ ស្រកានាគ បង្គា មឹក សាច់ជ្រូក​ មុខទំនិញទាំងអស់នេះ​បានចេញលទ្ធផលល្អ​ គ្មានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ៕