(សៀមរាប)៖ សំណង់ខុសច្បាប់ដែលសាងសង់ឡើង ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ ក្នុងរយៈពេលចុងក្រោយនេះ នឹងត្រូវបន្តការរុះរើ ឆាប់ៗនេះ ក្រោមកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ នេះជាជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារឲ្យបានដាច់ខាតនូវតំបន់បេតិកភណ្ឌ ពិភពលោកអង្គរ ដែលកំពុងរងហានិភ័យដោយសារកំណើន នៃសំណង់អនាធិបតេយ្យទាំងនេះ។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង ការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ នៅសាលាខេត្តសៀមរាប។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានគាំទ្រនូវរាល់ វិធានការរបស់អាជ្ញាធរជាតិអប្សរា និងរាល់ការអនុវត្តតាមគោលការណ៍ច្បាប់ របស់អង្គការយូណេស្កូ ក្នុងការថែរក្សាអភិរក្ស តំបន់រមណីយដ្ឋានអង្គរ សំខាន់បញ្ហាសំណង់អាណាធិបតេយ្យនៅក្នុងតំបន់អង្គរ តំបន់១ និងតំបន់២ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះសោភណ្ឌភាពប្រាសាទបុរាណ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តំបន់បេតិកភណ្ឌត្រូវការពារ ឲ្យបានដាច់ខាតបើទោះជាត្រូវលះបង់អ្វីៗក៏ដោយ ព្រោះយើងជាប្រជាជាតិមួយ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារបេតិកភណ្ឌ កុំថាឡើយ១០០ម៉ែត្រពីប្រាសាទ ទោះជា១គីឡូម៉ែត្រក៏ដោយ ត្រូវតែចាត់វិធានការ ប្រសិនបើមានហានិភ័យខ្លាំង តែយើងក៏ត្រូវគិតគូរដែរ ពីកន្លែងដែលមិនប៉ះពាល់ខ្លាំងយើងត្រូវរួមកម្លាំងគ្នាដើម្បីដោះ ស្រាយបញ្ហានេះ....»

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត ក្រុង ស្រុក និងកម្លាំងសមត្ថកិច្ច ទាំងអស់ត្រូវសហការគ្នា ក្នុងការអនុវត្តគោលការណ៍ច្បាប់ របស់អង្គការយូណេស្កូ ទៅតាមគ្រប់រូបភាព និងវិធានការក្នុងការរុះរើសំណង់ អនាធិបតេយ្យក្នុងតំបន់អង្គរ ដែលនឹងចាប់ផ្តើមអនុវត្តជាជំហានដំបូង លើសំណង់ខុសច្បាប់ទាំងឡាយណា ដែលស្ថិតនៅកៀកនឹងប្រាសាទ ព្រមទាំងសំណង់ខុសច្បាប់នានា ដែលបង្កហានិភ័យជាក់ស្តែងដល់បេតិកភណ្ឌ។

យោងលើវិធានការចំពោះមុខនេះ សូមម្ចាស់សំណង់ខុសច្បាប់ទាំងអស់ ត្រូវប្រញាប់រុះរើសំណង់ដោយខ្លួនឯង ដូចដែលអាជ្ញាធរអប្សរា បានជូនដំណឹង និងបានទុកពេលវេលាជូនក្នុងការរុះរើ ជៀសវាងការខូចខាតដែលអាចកើតមានជាយថាហេតុ​ ក្នុងអំឡុងយុទ្ធនាការរុះរើ របស់សមត្ថកិច្ច៕