(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះ បានសម្តែងការព្រួយបារម្ភចំពោះការប៉ុនប៉ងបំភ្លៃប្រវត្តិសាស្រ្តរបស់កម្ពុជា។ សម្តេចបានថ្លែងថា បើសិនជាឱ្យអ្នកដទៃដែលសម្តៅដល់ លោក សម រង្ស៊ី ឈ្នះនោះ គេនឹងសរសេរបំភ្លៃប្រវត្តិសាស្រ្តថា សម សារី និង សឺង ង៉ុកថាញ់ គឺជាវីរបុរសស្នេហាជាតិ ហើយចារក្នុងប្រវត្តិសាស្រ្តទុកថា សម្តេចនរោត្តម សីហនុ គឺជាជនក្បត់ជាតិ ជាថ្មីម្តងទៀត។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ)

ថ្លែងក្នុងពិធីរម្លឹកខួប៦៦ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងទៅអ្នកដែលឈ្នះ គឺជាអ្នកសរសេរប្រវត្តិសាស្រ្ត ដូច្នេះគណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តយកជ័យជំនះ ដើម្បីថែរក្សាប្រវត្តិសាស្រ្តនេះ កុំឱ្យអ្នកដទៃមកបំភ្លៃបានឱ្យសោះ។ សម្តេចថ្លែងថា បើសិនជាឱ្យអ្នកដទៃដែលសម្តៅលើ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងឈ្នះនោះ គេនឹងបំភ្លៃថា សម សារី និង សឺង ង៉ុកថាញ់ គឺជាវីរបុរសរបស់ជាតិ ហើយចារក្នុងប្រវត្តិសាស្រ្តថា សម្តេចនរោត្តម សីហនុ គឺជាជនក្បត់ជាតិជាថ្មីម្តងទៀតដូចជំនាន់ លន់ នល់ ដូច្នោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកទាំងអស់គ្នាត្រូវចងចាំថា ក្នុងរយៈពេលឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ អ្នកសរសេរប្រវត្តិសាស្រ្តគឺ សង្គមរាស្រ្តនិយម។ ពេលនោះ សម្តេចនរោត្តម សីហនុ ព្រះអង្គគឺជាព្រះបិតាជាតិ ប៉ុន្តែខុសត្រូវតែ១ថ្ងៃប៉ុណ្ណោះគឺថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារបានសម្រេច គេបានក្លាយទៅជាអ្នកឈ្នះ ហើយគេក៏ចាប់ផ្តើមសរសេរប្រវត្តិសាស្រ្តភ្លាមថា “សម្តេចនរោត្តម សីហនុ គឺជាជនក្បត់ជាតិ ហើយ លន់ នល់ គឺជាអ្នកស្នេហាជាតិ”»

សម្តេចតេជោ បានបន្ថែមទៀតថា «ចំណុចទាំងនេះ ចង្អុលបង្ហាញឱ្យឃើញថា បើសិនជាទុកឱ្យអ្នកដទៃទទួលជោគជ័យ ច្បាស់ជាជនក្បត់ជាតិ សម សារី, សឺង ងុកថាញ់, ស៊ីម វ៉ា នឹងក្លាយជារដ្ឋបុរសជាតិ ហើយសម្តេចនរោត្តម សីហនុ ដែលជាព្រះបិតាជាតិរបស់យើងទាំងអស់គ្នា នឹងក្លាយទៅជាជនក្បត់ជាតិ សារជាថ្មីម្តងទៀត»

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនីរទេសខ្លួនឯងទៅក្រៅប្រទេស គេចចេញពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជានោះ គឺជាកូនប្រុសរបស់ លោក សម សារី អ្នកនយោបាយប្រឆាំង សម្តេចព្រះ នរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តនិយម។ ក្នុងឯកសារ «នយោបាយទូទៅ» ដែលព្រះរាជនិពន្ធដោយ សម្តេចនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរនោះ ព្រះអង្គបានហៅ លោក សម សារី ថាជាជនក្បត់ជាតិ ដែលចាប់ដៃគ្នាជាមួយ លោក សឺង ង៉ុកថាញ់ មេចលនាខ្មែរក្រោម រៀបគម្រោងផ្តួលរំលំការដឹកនាំរបស់ព្រះអង្គ ដើម្បីបម្រើនយោបាយបរទេស។

កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ លោក សម រង្ស៊ី បានបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម Facebook ដោយវាយប្រហារ និងលាបពណ៌យ៉ាងធ្ងន់ធ្ងរ ទៅលើគណបក្សប្រជាជនកម្ពុជាជាថ្មីម្តងទៀតផងដែរ។ តាមរយៈវីដេអូនោះ លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរំដោះប្រជាពលរដ្ឋខ្មែរឱ្យរួមផុតពីរបបប៉ុលពតថា ជាគណបក្សដែលបង្កើតឡើងដោយវៀតណាម ហើយធ្វើអ្វីៗតាមការបង្គាប់បញ្ជារបស់ វៀតណាម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានថ្លែងថា សកម្មភាពបំភ្លៃប្រវត្តិសាស្រ្តនេះ បានធ្វើឱ្យ ទណ្ឌិត សម រង្ស៊ី ក្លាយទៅជាអ្នកនិយាយព័ត៌មានបែបឧទ្ទាម នៅឯនាយសមុទ្រ៕