(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាឫសគល់ និងជារបងដ៏រឹងមាំ សម្រាប់ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានប្រកាសប្តេជ្ញា ការពារមិនឲ្យរបបរាជានិយមត្រូវផ្តួលរំលំដូចក្នុងឆ្នាំ១៩៧០ទៀតនោះឡើយ។ (សូមស្តាប់ប្រសាសន៍សម្តេច)

ការអះអាងការពាររបបរាជានិយមពីប្រមុខគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅចំពោះមុខសមាជិក សមាជិកាប្រមាណ ៥ម៉ឺននាក់ ដែលបានចូលរួម អបរសាទរខួប ៦៦ឆ្នាំ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

ប្រមុខគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយទឹកមុខដ៏មុតមាំ បានថ្លែងថា «តាំងនាមឲ្យសមាជិក សមាជិកា គណបក្សនៅទូទាំងប្រទេស ទូលថ្វាយព្រះករុណា ជាអម្ចាស់ របបរាជានិយមអាស្រ័យធម្មនុញ្ញ គឺមានគណបក្សប្រជាជនធ្វើជាឬស្សគល់យ៉ាងរឹងមាំ ហើយគឺជារបងការពារដ៏ធំបំផុត សម្រាប់របបរាជានិយមអាស្រ័យធម្មនុញ្ញ សម្រាប់ការពារព្រះរាជបល្ល័ង្ក និងការពារព្រះមហាក្សត្រ ដែលគ្មានអានុភាពប្រតិកិរិយា ទោះបីអាសិរពិសយ៉ាងណាក៏ដោយ ដែលអាចធ្វើឲ្យរបបរាជានិយមអាស្រ័យធម្មនុញ្ញ រលំរលាយដូចកាលពីឆ្នាំ១៩៧០នោះទេ»

របបរាជានិយមត្រូវបានលុបបំបាត់ទាំងស្រុង នៅក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ក្រោមការដណ្តើមអំណាចរបស់ក្រុមសេនាប្រមុខ លន់ នល់ និងបរិវា។ របបរាជានិយមបានមានវត្តមានជាថ្មីលើទឹកដីកម្ពុជា នៅក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ហើយបន្តមកដល់ពេលបច្ចុប្បន្ន។

ក្នុងឱកាសប្រារព្ធខួប ៦៦ឆ្នាំនាព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីតស៊ូរំដោះប្រទេសចេញពីរបប ប្រល័យពូជសាសន៍តាំងពីអាយុ ២៥ឆ្នាំ ក៏បានថ្លែងបង្ហាញពីការប្រឹងប្រែងពុះពារឧបសគ្គធំៗជាច្រើន ដើម្បីនាំមកនូវពន្លឺសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសជាតិដូចពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សមិទ្ធផលដែលកំពុងគ្របដណ្តប់លើដែនដីកម្ពុជា នាពេលបច្ចុប្បន្ន គឺបានបញ្ជាក់ថា អតីតកាលប្រកបដោយការ ភ័យខ្លាច សោកនាដកម្ម ការបែកបាក់ជាតិ និងការបាត់បង់គ្រប់បែបយ៉ាង ដែលប្រជាពលរដ្ឋខ្មែរធ្លាប់ជួបប្រទះត្រូវបានបិទបញ្ចប់ហើយ។ «បច្ចុប្បន្ននេះ ប្រជាជនយើងកំពុងរស់នៅលើមាតុភូមិរបស់ខ្លួន ដែលមានសន្តិភាពពេញលេញ មានភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលការគាំទ្រពីប្រជាជននៅទូទាំងប្រទេស មានកាតព្វកិច្ចបន្តថែរក្សាការពារយ៉ាងដាចខាត នូវរាល់សមិទ្ធផលនៃសង្គមជាតិឲ្យស្ថិតស្ថេរ និងរីកចម្រើនបន្តទៀត ដោយមិនឲ្យកម្លាំងនយោបាយ ឬមជ្ឈដ្ឋានអមិត្តណាមួយមកបំផ្លិចបំផ្លាញទៅវិញបានឡើយ»

ជាមួយនឹងការប្រកាសប្តេជ្ញាប្រឹងប្រែងអភិវឌ្ឍន៍កសាងប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឲ្យរួមគ្នាកសាងប្រទេសជាតិ និងថែរក្សានូវសន្តិភាព ដែលជាសមិទ្ធផលដ៏ធំធេងរបស់ជាតិឲ្យបានស្ថិតស្ថេរ។

សម្តេចតេជោ ហ៊ុន សែន ឥស្សរជនខ្មែរ ដែលជាស្ថាបនិកនៃសន្តិភាពនៅកម្ពុជា ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាឲ្យចងចាំថា ការបែកបាក់ជាតិ និងសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃដែលមានមូលហេតុចម្បង បណ្តាលមកពីកំហុសដ៏ធ្ងន់ធ្ងរបំផុត ក្នុងការដឹកនាំនយោបាយពីអតីតកាល ដែលគិតតែមហិច្ឆតាផ្ទាល់ខ្លួន មិនគិតផលប្រយោជន៍ជាតិ និងប្រជាជន ដែលមិនត្រូវភ្លេចខ្លួនដើរជាន់ដានប្រវត្តិសាស្រ្តជាថ្មីនោះឡើយ៕