(ស្ទឹងត្រែង)៖ លោក ពន្លឺ មង្គល អភិបាលស្រុកសេសាន ត្រូវបានប្រជាពលរដ្ឋនៅភូមិស្រែគរចាស់ ភូមិស្រែសាមី និងភូមិក្បាលរមាស ប្រតិកម្មយ៉ាងខ្លាំង ខណៈក្រុមការងារ នៃមន្ទីរសាធារណការខេត្ត ចុះធ្វើការរុះរើស្ពាន ស្រែពកចាស់ ដោយពុំបានជូនដំណឹងដល់ពួកគាត់ជាមុន។

មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋទាំង៣ភូមិ នាំគ្នាទៅតវ៉ាខាងលើនេះ ត្រូវបានថ្នាក់ដឹកនាំខេត្តបកស្រាយថា គឺដើម្បីការពារ ខ្លាចខូចខាតស្ពាន នៅពេលដែលក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនី គ្រោងបិទទ្វារទឹកសាកល្បង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

ប្រតិកម្មយ៉ាងខ្លាំងនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាមកតវ៉ានៅចំណុចស្ពានស្រែពកចាស់ ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ។

ប្រជាពលរដ្ឋទាំងបីភូមិ បាននាំគ្នាមកធ្វើការតវ៉ាស្នើសុំ ឲ្យអាជ្ញាធរជួយដោះស្រាយ ក្នុងការសាងសង់ស្ពានក៏ដូចជាផ្លូវថ្មី ជូនពួកគាត់ ស្របពេលលឺដំណឹងថាស្ពាននេះ ត្រូវរុះរើបន្ទាប់ពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសាកល្បង បើកទ្វារទឹកក្នុងការស្ទង់ចរន្តអគ្គិសនី។

ការលើកគ្នាមកតវ៉ាដើម្បីស្នើសុំនេះ បន្ទាប់ពីអាជ្ញាធរដាក់កម្លាំង ចុះទៅរុះរើស្ពានចេញក្នុងភូមិសាស្រ្តស្ពានទន្លេស្រែពកចាស់ ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ។ គ្រានោះគេក៏ សង្កេតឃើញមានវត្តមានលោក ដួង ពៅ អភិបាលរងខេត្ត ចុះទៅសម្របសម្រួលផងដែរ ដើម្បីរកដំណោះស្រាយកុំឲ្យមាន បញ្ហារាំងស្ទះដល់ការរុះរើស្ពាន។

លោក ដួង ពៅ អភិបាលរងខេត្ត បានលើកឡើងថា ការរុះរើស្ពាននេះចេញ គឺមិនមែនផ្តាច់ផ្លូវ និងមិនមែនមិនឲ្យបងប្អូនធ្វើ ដំណើរនោះទេ គឺរុះដើម្បីកុំឲ្យខូចខាតស្ពាននេះ នៅពេលទឹកលិច រីឯមធ្យោបាយធ្វើដំណើរ របស់បងប្អូន គឺមានដំណោះស្រាយនៅទីតាំងថ្មីជាបណ្តោះអាសន្ន។

លោក ដួង ពៅ បានបញ្ជាក់ថា «នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនអគ្គិសនី បិទទ្វារទំនប់សាកល្បង ទឹកនឹងត្រូវឡើងជាបណ្តើរៗ ដូច្នេះហើយសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន»

ក្រោយពីមានការសម្របសម្រួលដោះស្រាយ ពីសំណាក់អភិបាលរងខេត្តលោក ដួង ពៅ រួចមកបងប្អូនប្រជាពលរដ្ឋ នៅតែបន្តជំហរដដែល ដោយពុំអាចទទួលយកនូវវិធីដោះស្រាយរបស់អាជ្ញាធរនោះឡើយ៕