(ភ្នំពេញ)៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានចោទសំណួរជាថ្មីម្តងទៀតនៅថ្ងៃខួបទី៦៦ កំណើតបក្សប្រជាជនកម្ពុជា ជុំវិញភាពស្របច្បាប់នៃ វត្តមានរបស់បន្ទប់ស្ថានការណ៍ ដែលបង្កើតឡើងដោយបណ្តុំអង្គការសមាគម ដែលមាននិន្នាការទៅរកបក្សប្រឆាំង មានតួនាទីតាមដានលើការបោះឆ្នោត ហើយសម្តេចនាយករដ្ឋមន្ត្រី បានដាក់បញ្ជាឱ្យក្រសួងមហាផ្ទៃ ពិនិត្យលើបន្ទប់ស្ថានការណ៍នេះក្រោយការ ចេញសេចក្តីថ្លែងការណ៍ ដែលប្រមុខ រដ្ឋាភិបាលបានចាត់ទុកថា ធ្វើឱ្យអព្ទអួរស្ថានការណ៍នយោបាយ និងប៉ះពាល់ដល់ការវាយតម្លៃលើការបោះឆ្នោត ហើយសង្ស័យថានឹងអាចជាទីតាំងនៃ ការបញ្ជាបដិវត្តន៍ពណ៌។
រហូតមកទល់ពេលនេះ មេដឹកនាំអង្គការសមាគមមួយចំនួនបាន និងកំពុងមានវត្តមាននៅក្រៅប្រទេស ខណៈមេដឹកនាំខ្លះទៀតបានបិទទូរស័ព្ទមិនឆ្លើយឆ្លងព័ត៌មាន ជាមួយអ្នកកាសែតប្រកបដោយសេចក្តីក្លាហាន មុនគេដឹងល្បិចខ្លួនទៀត។
លោក សំ គន្ធាម៉ី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (Nicfec) បានថ្លែងប្រាប់អង្គភាព ព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមនៅវេលាម៉ោង១៥៖០៥នាទី រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ មានមេដឹកនាំអង្គការសង្គមស៊ីវិល ដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍ចំនួន៣រូប បានចាកចេញទៅក្រៅប្រទេសតាំងពីថ្ងៃជាង២០មកម៉្លេះ ហើយពួកគាត់ទៅក្នុងនាមការងារឯកជនរបស់ពួកគាត់ មិនពាក់ព័ន្ធអ្វីនោះទេ។ អ្នកទាំង៣ នោះគឺលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស។
លោក សំ គន្ធាមី បានបញ្ជាក់ថា រហូតមកទល់ពេលនេះ គេមិនទាន់ដឹងថាអ្នកទាំងនេះនឹងវិលត្រឡប់មកវិញនៅពេលណាទេ ប៉ុន្តែគាត់សង្ឃឹមថាពួកគាត់នឹង វិលត្រឡប់មកវិញឆាប់ៗនេះ។
ការស្ថិតនៅក្រៅប្រទេសនៃសមាជិកសំខាន់ៗរបស់ «បន្ទប់ស្ថានការណ៍» នៅពេលនេះ ស្របពេលដែលការស៊ើបអង្កេតមួយបាន និងកំពុងធ្វើឡើងដោយ ក្រសួងមហាផ្ទៃ លើភាពស្របច្បាប់់ របស់បន្ទប់ស្ថានការណ៍នៃការបោះឆ្នោត។ បន្ទប់ស្ថានការណ៍ និងគណបក្សប្រឆាំងត្រូវបានគេ សង្កេតឃើញថា បានធ្វើសកម្មភាពស្របគ្នា ខ្លឹមសារដែលមាននៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកទាំងពីរ បានវាយតម្លៃបែបអវិជ្ជមានខ្លាំងលើការ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងទៅ ខណៈអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃថាមានភាពល្អប្រសើរ សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយអាចទទួលយកបាន។
អ្នកវិភាគចៅចាក់ស្មុក បានលើកឡើងថា បន្ទប់ស្ថានការណ៍ដែលដំបូងឡើយបានសរសើរថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនល្អ ទោះបីជាមានភាពមិនប្រក្រតី មួយចំនួនតូច។ ប៉ុន្តែក្រោយពីលទ្ធផល បង្ហាញថាគណបក្សសង្គ្រោះជាតិ ចាញ់ការបោះឆ្នោត ហើយមហិច្ឆតាចង់គ្រប់គ្រងព្រឹទ្ធសភា និងឡើងកាន់តំណែង ជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រខ្មែរ ព្រះរាជអវត្តមានពីមាតុប្រទេសត្រូវបានរលាយទាំងស្រុង បន្ទប់ស្ថានការណ៍បានប្តូរការវាយតម្លៃរបស់ខ្លួនមកជាមិនល្អ ពោរពេញដោយភាពមិនប្រក្រតី និងមានការកម្រិតសេរីភាព និងគ្មានយុត្តិធម៌ទៅវិញ។
បន្ថែមលើនេះខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍នៅថ្ងៃទី២៤ ខែមេសា និងរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២៥ ខែមិថុនា ស្ទើរតែដូចគ្នា បេះបិទដែលនេះបង្ហាញថា ទាំងបន្ទប់ស្ថានការណ៍ និងបក្សប្រឆាំងមានគោលដៅរួមមួយគឺធ្វើឱ្យស្ថានការណ៍នយោបាយនៅកម្ពុជាអព្ទអួរ និងធ្វើឱ្យអ្នកឈ្នះការ បោះឆ្នោត មិនស្រស់ស្រាយក្នុងចិត្ត។ ប៉ុន្តែច្បាស់ណាស់ថា ពួកគេនឹងប្រកាសថា ការបោះឆ្នោតសេរីយុត្តិធម៌ និងត្រឹមត្រូវ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត។ ការឡាំប៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតពេលនេះ មិនមែនជាលើកទី១ឡើយ ហើយចរិតពិតនៃការឡាំប៉ារបស់បក្សប្រឆាំង នឹងប្រថាប់ត្រា ដោយសង្គមស៊ីវិល ដែលយកលុយជំនួយបរទេសមកធ្វើការងារដើម្បីបុព្វហេតុបក្សប្រឆាំង គឺគ្រាន់តែបិទបាំងភាពបរាជ័យ និងភាពកម្សោយរបស់ខ្លួនប៉ុណ្ណោះ និងដើម្បីលួងលោម អ្នកគាំទ្ររបស់ខ្លួនថាបរាជ័យរបស់ខ្លួនមិនមែនមកពីខ្លួនអន់ទេ គឺដោយសារតែអ្នកដទៃ និងម្យ៉ាងទៀតដើម្បីទុកផ្លូវរកស៊ី ជាមួយអ្នកនៅក្រៅប្រទេសដើម្បី រៃអង្គាសប្រាក់បន្ថែមទៀត។
អ្នកវិភាគចៅចាក់ស្មុក បានបន្តទៀតថា គេនៅចាំបានថា បន្ទប់ស្ថានការណ៍នេះធ្លាប់បានកកូរកកាយយ៉ាងខ្លាំងលើការបោះឆ្នោត ជាតិឆ្នាំ២០១៣ ដើម្បីជួយប្រថាប់ត្រាបក្សប្រឆាំងក្នុងការធ្វើបាតុកម្ម ដោយបរិហារថាទឹកខ្មៅជ្រលក់ អាចត្រូបានលុបជ្រះ បង្កចលាចលនៅមុនប៉ុន្មានថ្ងៃដល់ការបោះឆ្នោត ហើយបានក្រឡុកស្ថានការណ៍ក្រោយការបោះឆ្នោត និងបានសហការជាមួយបក្សប្រឆាំងដើម្បីបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិជាតិ និងអន្តរជាតិលើកម្ពុជា។ បើសង្គមស៊ីវិលពិតជាចង់ជួយសង្គមជាតិពិតប្រាកដមែន គួរអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងកុំបម្រើមហិច្ឆតានយោបាយបរទេស។ ពួកគេមិនត្រូវលាក់របៀបវារៈនយោបាយទុច្ចរិតអសិរពិសនៅពីក្រោយ សកម្មភាពអង្គការសមាគមរបស់ខ្លួនឡើយ។ បើខ្លួនមិនប្រព្រឹត្តប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ និងបង្កប់ដោយភាពអសិរពិសនៅពីក្រោយ គួរកុំខ្លាចនឹង ប្រឈមការពិត។ ការពិតដែលមន្ត្រីជំនាញក្រសួងមហាផ្ទៃកំពុងធ្វើការស៊ើបអង្កេត៕