(ភ្នំពេញ)៖ បើទោះបីមិនមានវត្តមានតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិក៏ដោយនោះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបានធ្វើវិសោធនកម្មចំនួន៥មាត្រា ក្នុងគោលដៅចម្បងរារាំងទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬ មជ្ឈឹមមិនឲ្យចូលរួមសកម្មភាពនយោបាយ និងទៅពាក់ព័ន្ធជាមួយ គណបក្សនយោបាយ ត្រូវបានតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា៦៦រូប លើកដៃគាំទ្រអនុម័តរួចរាល់ហើយ រង់ចាំតែការឆ្លងដំណាក់កាលព្រឹទ្ធសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងព្រះហស្ថលេខារបស់ព្រះមហាក្សត្រខ្មែរបន្ថែមទៀត ច្បាប់នេះនឹងចូលជាធរមានហើយ។

នៅពេលការធ្វើវិសោធនកម្មជាថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយនេះចូលជាធរមាន វាគឺជាជំហ៊ានជោគជ័យថ្មីមួយទៀតហើយ នៃយុទ្ធសាស្រ្តនយោបាយ របស់លោក កឹម សុខា ក្នុងការសុំដៃបុរសខ្លាំងតេជោ សែ​ន ប្រមុខគណបក្សកាន់អំណាច ដើម្បីកម្ចាយលោក សម រង្ស៊ី អ្នកនយោបាយមានឈាមជ័រជាជនក្បត់ជាតិ ឲ្យឆ្ងាយពីគណបក្សសង្រ្គោះជាតិ និងឆ្ងាយពីប្រទេសកម្ពុជាកុំឲ្យនាំគ្រោះសម្រាប់ជាតិ និងប្រជាជនដូចឪពុករបស់ខ្លួន គឺលោក សម សារី។

តើមានសេណារីយ៉ូអ្វីខ្លះបង្ហាញថា លោក កឹម សុខា សហការជាមួយ បុរសខ្លាំង ហ៊ុន សែន ដែលធ្លាប់ជួយបង្កើតគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ២០០៧ ឲ្យជួយកម្ចាយលោក សម រង្ស៊ី នោះ?

តោះទៅរំលឹករឿងរ៉ាវកាលពីឆ្នាំ២០១៦បន្តិច។ គេនៅចាំបានថា កាលពីឆ្នាំ២០១៦ កន្លងទៅ ព្រោះតែសំណុំរឿងចំណងស្នេហ៍ក្រៅសម្ព័ន្ធជាមួយកញ្ញា ឃុម ចាន់តារាទី ហៅស្រីមុំ លោក កឹម សុខា បានបង្ខំចិត្តបង្ខាំងខ្លួនឯងនៅក្នុងទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅចាក់អង្រែក្រោមអស់រយៈពេលប្រមាណជា ៦ខែ ដើម្បីគេចចេញពីការតាមចាប់ខ្លួនពីសមត្ថកិច្ចតាមអំណាចដីការបស់តុលាការ ព្រោះតែមិនចូលបំភ្លឺជូនតុលាការ។

ការបង្ខាំងខ្លួនរយៈពេលប្រមាណជា ៦ខែក្នុងបន្ទប់ទីស្នាក់ការទំហំតែប៉ុន្មានម៉ែត្រ បានធ្វើឲ្យលោក កឹម សុខា ជួបវិបត្តិទាំងផ្លូវចិត្ត និងផ្លូវកាយ ជាពិសេសខានបានប្រឡោមស្នេហ៍ជាមួយបង្អែមជីវិតរបស់លោកហ្នឹងតែម្តង។ ប្រហែលព្រោះតែមិនអាចស៊ូគំនាបដួងចិត្ត និងដួងកាយនៅក្នុងបន្ទប់តែប៉ុន្មានម៉ែត្រនេះ ទើបធ្វើឲ្យលោក កឹម សុខា បង្ខំចិត្តស្វែងរកការចរចានយោបាយជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីមានសេរីភាពឡើងវិញ។

លោក កឹម សុខា ហាក់បានយល់ចិត្តថ្លើមបុរសខ្លាំងតេជោ សែន រួចទៅហើយថា បុរសខ្លាំងរូបនេះ នឹងមានការអនុគ្រោះចំពោះខ្លួនដូចដែលធ្លាប់ បានអនុគ្រោះពីអតីតកាលនោះ។ លោក កឹម សុខា ក៏នៅបានរៀបចំថ្នូរដ៏ធំមួយទៀត ដើម្បីចរចាជាមួយសម្តេចតេជោ ហ៊ុន សែន ឲ្យខ្លួនមានសេរីភាព។

តើថ្នូរនោះជាអ្វីទៅ? ថ្នូរនោះ គឺការបញ្ចប់ជីវិតនយោបាយលោក សម រង្ស៊ី។ លោក កឹម សុខា និងបុរសខ្លាំងតេជោ សែន សុទ្ធតែមានអារម្មណ៍ទោមនស្សដូចគ្នា ជាមួយអ្នកនយោបាយជើងមិនជាប់ដីរូបនេះ។

អំឡុងឆ្នាំ២០១៦នោះ សម្តេចតេជោ ហ៊ុន សែន កំពុងតែមានកំហឹងយ៉ាងខ្លាំងជាមួយលោក សម រង្ស៊ី ដែលបានប្រមាថថា ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ជាភរិយា និងជាកូនរបស់មេដឹកនាំប្រទេសវៀតណាម។ ការប្រមាថរបស់លោក សម រង្ស៊ី ចំពោះភរិយា និងកូនរបស់សម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះសម្តេចមិនទាន់រសាយកំហឹងនោះទេ។

ដោយឡែកលោក កឹម សុខា ដែលកាលនោះមានតួនាទីជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បើទោះបីជាបំណងក្នុងការកម្ចាយលោក សម រង្ស៊ី ចេញពីបក្សមិនពុះកញ្ច្រោលខ្លាំង ក៏លោកត្រូវតែជ្រើសផ្លូវនេះដើរដែរ ដើម្បីជាថ្នូរនឹងសេរីភាពរបស់លោកឡើងវិញ។ ត្រង់ចំណុចនេះ មានការសួរថា តើលោក កឹម សុខា មានបំណងកម្ចាយលោក សម រង្ស៊ី ដែរទេ? ចម្លើយយ៉ាងខ្លី គឺអ្នកនយោបាយគ្មានបេះដូងនោះឡើយ ពេលមានផលចំណេញ គេនឹងត្របាក់ភ្លាម។ ដូច្នេះការកម្ចាយលោក សម រង្ស៊ី គឺមានតែផលចំណេញសម្រាប់លោក កឹម សុខា រឿងអីដែលលោកមិនព្រមធ្វើនោះ។

ផ្អែកលើទស្សនៈរួមនេះហើយ ទើបនាំឲ្យមានការសន្ទនាតាមទូរស័ព្ទដោយភាពផ្អែមល្ហែម និងយល់ចិត្តគ្នាជាង២០នាទីមួយបានកើតមានឡើងរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា នារាត្រីដ៏សែនមនោរម្យថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ ក្នុងសារសន្ទនាដែលគេទម្លាយនោះ បុរសខ្លាំងតេជោ សែន បានបង្ហាញការ រៀបចំផែនការមួយចំនួន ដើម្បីឲ្យលោក កឹម សុខា ដណ្តើមយកគណបក្សសង្រ្គោះជាតិមកគ្រប់គ្រងតែឯង។ នៅក្នុងកិច្ចសន្ទនាសំងាត់ដែលបែកធ្លាយនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំមិនបំផ្លាញសង្រ្គោះជាតិចោលទេ តែខ្ញុំរកដៃគូនៅក្នុងសង្រ្គោះជាតិ ហើយខ្ញុំសំឡឹងឃើញថា ខាឯងអាចធ្វើការជាមួយខ្ញុំបាន។ ឥឡូវឱកាសមានហើយ ដែលខាឯងក្តាប់យកកម្លាំង»។

ក្រោយកិច្ចសន្ទនាដ៏ផ្អែមល្អែមនោះរួចមក សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា បានចាប់ផ្តើមដើរតាមយុទ្ធសាស្រ្តជាច្រើនជំហ៊ានឈាន ទៅសម្រេចគោលដៅរួម ក្នុងការកម្ចាយលោក សម រង្ស៊ី។ យុទ្ធសាស្រ្តនោះរួមមាន៖

១៖ លោក កឹម សុខា ត្រូវបានបើកផ្លូវឲ្យចេញពីទីស្នាក់ការគណបក្សជាលើកដំបូងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីឃុំខ្លួនឯងអស់ជាង ៦ខែនៅស្នាក់ការបក្ស។ នៅព្រឹកថ្ងៃនោះ លោក កឹម សុខា ដែលពេលនោះនៅជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានចេញទៅកាន់ការិយាល័យ ចុះឈ្មោះបោះឆ្នោត នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

២៖ លុះដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យព្រះរាជទាន លើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន។

៣៖ ក្រោយពីទទួលព្រះរាជទានលើកលែងទោសនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបើកការជួបជជែក ដោយចំហរជាមួយលោក កឹម សុខា នៅវិមានរដ្ឋសភា ក្រោមការយកព័ត៌មានជាច្រើនពីក្រុមអ្នកកាសែតជាតិ និងអន្តរជាតិ។ កាយវិការនេះ ជាការបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន កំពុងផ្តល់អនុភាពទៅឲ្យលោក កឹម សុខា ជាដៃគូថ្មីក្នុងកិច្ចពិភាក្សានយោ បាយជំនួសលោក សម រង្ស៊ី។

៤៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនឲ្យទណ្ឌិតធ្វើជាប្រធានគណបក្ស នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំៗ០១៧នេះ នៅក្នុងកិច្ចប្រជុំសភា។

៥៖ ក្រោយច្បាប់ស្តីពីគណបក្សនយោបាយថ្មីចូលជាធរមាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ បានបង្ខំឲ្យលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្ស សង្រ្គោះជាតិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏ធ្វើឲ្យលោក កឹម សុខា ដែលកាន់តំណែងប្រធានស្តីទីជាង ១ឆ្នាំ បានឡើងកាន់តំណែងប្រធាន គណបក្សសង្រ្គោះជាតិជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រ នៅក្នុងសមាជវិសាមញ្ញរបស់បក្ស។

ការដណ្តើមបានតំណែងប្រធានគណបក្សសង្រ្គោះជាតិ ហាក់មិនបានធ្វើឲ្យលោក កឹម សុខា ស្កប់ស្កល់នោះទេ។ មិនស្កប់ស្កល់ដោយសារ តែលោក សម រង្ស៊ី នៅតែប្រើអំណាចស្រមោលរបស់លោក ដើម្បីគ្រប់គ្រងគណបក្សសង្រ្គោះជាតិ និងអ្នកស្ម័គ្រស្មោះរបស់លោកនៅក្នុងបក្សមួយនេះ។ ជាពិសេសនោះគ្រប់សកម្មភាពនៅក្នុងផ្ទៃក្នុងបក្ស លោក សម រង្ស៊ី នៅតែប្រជែងឥទ្ធិពលជាមួយលោក កឹម សុខា ហើយ លោក សម រង្ស៊ី នៅតែត្រូវបានគេចាត់ទុកជាប្រធានបក្សប្រឆាំងផងដែរ។ ក្នុងនោះនៅលើ Facebook លោក សោរ ចាន់ដេត មន្រ្តីជាន់ខ្ពស់គណបក្សសម រង្ស៊ី នៅតែហៅលោក សម រង្ស៊ី ថា ជាលោកប្រធាន ប្រការនេះប្រហែលមិនមែនជាការពេញចិត្ត និងចង់បានរបស់លោក កឹម សុខា នោះឡើយ។

ព្រោះតែបែបនេះហើយទើបមើលទៅ ! ទើបធ្វើឲ្យ លោក កឹម សុខា អ្នកនយោបាយដែលគេចាត់ទុកសុភាពបុរសក្លែងក្លាយរូបនេះ ត្រូវបង្ខំចិត្តបោះដៃសុំចិត្តបុរស ធ្លាប់មានសមានចិត្តជាមួយខ្លួន គឺសម្តេចតេជោ ហ៊ុន សែន ជួយសម្រេចមហិច្ឆតាចុងក្រោយកម្ចាយលោក សម រង្ស៊ី ឲ្យរសាត់ទៅកាន់តែឆ្ងាយពី គណបក្សសង្រ្គោះជាតិ តាមរយៈការធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយជាថ្មីលើកទី២នេះ។

ក្រោយច្បាប់នេះចូលជាធរមាន តើអ្នកនយោបាយរូបណាដែលនឹងត្រូវក្អាកក្អាយសប្បាយចិត្ត ហើយអ្នកនយោបាយរូបណានឹងត្រូវខ្ទេចខ្ទាំ បេះដូងឈឺចាប់បេះដូងរហូតដល់ក្អួតឈាមនោះ?

ច្បាស់ណាស់ក្រោយពេលការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះចូលជាធរមាន ច្បាប់ណាស់ស្នាមញញឹមដ៏សែនស្រស់ស្រាយ គឺមានសម្រាប់តែលោក កឹម សុខា តែប៉ុណ្ណោះ ព្រោះថាការវិនិយោគលើជំនួញនយោបាយជាមួយលោក សម រង្ស៊ី គឺលោកជាអ្នកទទួលបានផលចំណេញ ដ៏គាប់ប្រសើរបំផុត ទទួលបានឥទ្ធិពល និងសិទ្ធិយ៉ាងពេញលេញក្នុងការគ្រប់គ្រងគណបក្សសង្រ្គោះជាតិ។

ដោយឡែក លោក សម រង្ស៊ី នឹងក្លាយទៅជាជនបរាជ័យលើសង្វៀននយោបាយ ហើយអាចឈឺចិត្តស្អិតទ្រូងរហូតដល់ក្អួតឈាមថែមទៀតផង។ ការប្រឹងប្រែងក្នុងជីវិតនយោបាយជិត៤០ឆ្នាំ ដើម្បីសាងកិត្តិនាម និងកិត្តិយសសម្រាប់ខ្លួនឯងផង និងដើម្បីស្តារកិត្តិយស និងកិត្តិនាមឪពុកឲ្យរួចផុតពីជនក្បត់ជាតិ បានប្រែក្លាយជាអសារបង់។

* មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងលួចទម្លាយប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យដឹងថា លោក កឹម សុខា​ ដែលកំពុងក្តាប់អំណាចគណបក្សសង្រ្គោះជាតិទាំងមូល នឹងបន្តចាកចេញពីប្រទេសថៃ ទៅជួបពិភាក្សាកិច្ចការសំងាត់ជាមួយទណ្ឌិត សម រង្ស៊ី នៅទីក្រុងហុងកុងនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ជាមួយមន្រ្តីមួយចំនួនទៀត។ ហើយការជួបនេះទំនងអាចជាឱកាសចុងក្រោយហើយ មុនពេលវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយថ្មីចូលជាធរមាន នាពេលឆាប់ៗនេះ៕