(ភ្នំពេញ)​៖ ស្ត្រី​ម្នាក់​ដែល​និយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី​, ដោយនៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ម្តងទៀត​ ដើម្បី​សាកសួរ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

ស្រ្តីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ជា​ការ​កត់សម្គាល់​ មាន​មនុស្ស​ច្រើន​នាក់​ហើយ​ ដែល​អ្នក​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ​និង​អ្នក​ខ្លះ​រត់​ចោល​ស្រុក​ ព្រោះ​តែ​ចោទ​ប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ សម្តេច​តេជោ​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ ។​ ក្នុង​នោះ​មាន​លោក​ សម​ រង្ស៊ី​ លោក​ គឹម​ សុខ​ និង​ អ្នក​ស្រី​ ថាក់​ ឡានី​ ជា​ដើម​ ៕