(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្ត និង​ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារ និងមន្ដ្រីក្រោមឱវាទ ចុះជួយស្ទូងស្រូវជូនដល់ប្រជាកសិករ ដែលជាសមាជិកគណបក្ស ប្រជាជនកម្ពុជា ចំនួន០៣គ្រួសារ លើផ្ទៃដីចំនួន ១ហិចតា ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ។

ការចុះជួយស្ទូងស្រូវនេះ មានការចូលរួមពី​អនុប្រធាន សមាជិកក្រុមការងារយុវជនខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុកតំបែរ ក្រុមការងារយុវជនគណបក្សស្រុកតំបែរ សកម្មជនយុវជនឃុំគោកស្រុក និងលោក ប្រធានមន្ទីរកសិកម្មខេត្ត ព្រមទាំង មន្ទីរអង្គភាពនានា ប្រជាពលរដ្ឋស្ម័គ្រចិត្ដដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ទៀតផងដែរ។

លោក ហាក់ សុខមករា បានថ្លែងថា គោលបំណងនៃការចុះជួយស្ទូងស្រូវនេះ ដើម្បីជួយការបន្ថយការលំបាក និងការចំណាយផ្សេងៗ របស់ប្រជាកសិករ ដែលស្ដែងនូវការយកចិត្តទុកពីថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះ ប្រជាកសិករបានសម្ដែងនូវក្ដីរំភើបរីករាយ ចំពោះថ្នាក់ដឹកនាំដែលយកចិត្តទុកដល់ពួកគាត់ គ្រប់កាលៈទេសៈ៕