(ក្រចេះ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទូក១គ្រឿង ដឹកឈើ​​ជាច្រើនម៉ែត្រគូប គ្មានច្បាប់អនុញ្ញាតិ និងហៅមនុស្សចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធមកសួរនាំផងដែរ។ ប្រតិបត្តិការនេះដឹកនាំដោយលោក​ ជា សុភក្រ្ត័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។

លោកព្រះរាជអាជ្ញារង ជា សុភ័ក្រ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងនៅយប់មិញក្នុងទន្លេ ចំនុចភូមិសោបគ្រោម ឃុំសោប ស្រុកព្រែកប្រស័ព្វ ខេត្តក្រចេះ។

លោក ជា សុភក្រ្ត័ បានឲ្យដឹងថា មុននឹងដល់ឈានការបង្ក្រាបទូកឈើ១គ្រឿងនេះ ដោយលោកទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា មានទូកកំពុងផ្ទុកឈើ ក្នុងទន្លេ ហើយលោកក៏បានដឹកនាំកម្លាំង ដល់ចំនុចនោះ ធ្វើការបង្ក្រាបតែម្ដង ថែមទាំងហៅមនុស្សចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធ មកសួរនាំលើកករណី ទូកឈើខុសច្បាប់នេះ។

លោក អ៊ិន ស៊ីណាង នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វបានឲ្យដឹងថា ឈើទាំងនោះ ជាប្រភេទឈើលេខ១ តែមិនទាន់ដឹងតួលេខ ចំនួនឈើនោះទេ ព្រោះកម្លាំងលោកកំពុងរឹបអូសទូកមួយគ្រឿងនោះ យកទៅសង្កាត់រដ្ឋបាលព្រៃឈើ ជ្រោយបន្ទាយដើម្បីធ្វើការវាសវែង និងកសាងសំណុំរឿងតាមនិតិវិធីរដ្ឋបាលព្រៃឈើ៕