(ភ្នំពេញ)៖ លោកស្រី Eva Nguyen-Binh ​ជន​ជាតិ​បារាំង មានដើម​កំណើត​វៀតណាម បា​នចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជាហើយ។ លោកស្រី Eva Nguyen-Binh បានចូលក្រាបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ហើយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ លោកស្រី បានចូលជួបសំណេះសំណាលជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា លោកស្រី Eva Nguyen-Binh មាន​ឈ្មោះ​​ដើមថា​ Nguyễn Bình Thanh Hương។ មាន​ឪពុក​ជាជនជាតិវៀតណាម ម្តាយជាជនជាតិ​បារាំង ស្វាមី​របស់​លោកស្រី គឺលោក Jean-Noël Poirier ​ក៏​ជា​ឯក​អគ្គរដ្ឋ​ទូត​បារាំង​ដែរ។​ លោកស្រី Eva ធ្លាប់​ធ្វើការ​វិស័យ​​ការទូតនៅ​ប្រទេស​ឥណ្ឌា និងព័រទុយហ្គាល់ បច្ចុប្បន្ន​លោកស្រី ជា​ទីប្រឹក្សា​ផ្នែក​កិច្ច​សហ​ប្រតិបត្តិការ ​និង​សកម្មភាព​វប្បធម៌ របស់​ស្ថានទូត​បារាំង នៅ​វៀតណាម ហើយ​លោកស្រី ក៏​ជា​​ប្រធាន​វិទ្យាស្ថាន​បារាំង នៅ​ទីក្រុង​ហាណូយថែមទៀត​ផង។

លោកស្រី​បាន​រៀន​បញ្ចប់ការសិក្សា ​និងទទួល​សញ្ញាបត្រ​នៅ​ Science Po ដែល​ជា​សាលានយោបាយ​ដ៏​ធំ​ និង​ល្បីរបស់​បារាំង ហើយលោកស្រី​ក៏​បាន​រៀន​នៅសកលវិទ្យាល័យ​ Georgetown ផ្នែក​កិច្ច​ការ​បរទេសថែមទៀត​។ នៅឆ្នាំ​១៩៩៤ លោកស្រី Eva Nguyen-Binh ចាប់​​​បម្រើ​ការងារ​នៅ​ក្រសួង​ការ​បរទេស​បារាំង ហើយ​លោកស្រី មាន​ចំណេញ​ដឹង​ជំនាញទូលំទូលាយ​ផ្នែក​កិច្ច​ការ​អាស៊ីអគ្នេយ៍។​

​លោកស្រី Eva Nguyen-Binh គឺ​ជា​ឯកអគ្គ​រដ្ឋទូត​បារាំងស្រីដំបូង​គេ​បំផុត ក្នុងការបំពេញការងារជាឯកអគ្គរដ្ឋទូតបារាំង​ នៅប្រទេសកម្ពុជា​។ ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នាព្រឹកថ្ងៃនេះ លោកស្រី Eva Nguyen-Binh បានសន្យា និងប្តេជ្ញាធ្វើឲ្យទំនាក់ទំនងបារាំង និងកម្ពុជា កាន់តែល្អប្រសើរ ព្រមទាំងមានសមិទ្ធផលថ្មីៗបន្ថែមទៀត៕