(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០១៧នេះ កម្ពុជាអ្នកប្រើប្រាស់ Internet តាមរយៈទូរស័ព្ទដៃ (Mobile Internet) ចំនួន៨,៥៨៧,១៥៤នាក់ កើនឡើង៧% បើធៀបនឹងឆ្នាំ២០១៦ ដែលមានចំនួន៨,០០០,៨៣៤នាក់។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ចំពោះចំនួនអ្នកប្រើប្រាស់ Internet អចល័ត (Fixed Internet) នៅកម្ពុជា គិតត្រឹមនៅខែឧសភា ឆ្នាំ២០១៧ មានចំនួន១១៩,២១១នាក់ កើនឡើង២១% បើធៀបនឹង២០១៦ មានត្រឹមតែ៩៨,២៩៨នាក់។

បច្ចុប្បន្នប្រទេសកម្ពុជា មានក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ លើវិស័យទូរគមនាគមន៍រួមមាន៖ ប្រតិបត្តិករទូរស័ព្ទចល័តចំនួន៧ក្រុមហ៊ុន, ប្រតិបត្តិករទូរស័ព្ទអចល័តចំនួន៨, ប្រតិបត្តិករផ្តល់សេវា Internet ចំនួន៣៤ក្រុមហ៊ុន និងប្រតិបត្តិករផ្តល់សេវាសម្លេង តាមរយៈពិធីការ Internet (VoIP) ចំនួន២០។

គិតត្រឹមចំណាច់ឆ្នាំ២០១៦ កត្តាអ្នកប្រើប្រាស់ស៊ីមកាតចល័តនៅកម្ពុជា មានចំនួនជិត២០លាននាក់៕