(ភ្នំពេញ)៖ រថយន្ត​ក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ បាននិងកំពុងរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ នាមជ្ឈមណ្ឌលកោះពេជ្រ។

ពិធីប្រគល់ និងទទួលរថយន្តក្រុងទាំង១០០គ្រឿងនេះ ធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ​និងលោក TAN QINGSHENG ភារធារីអមស្ថានទូតចិនប្រចាំកម្ពុជា។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលប្រទេសចិន បានផ្តល់ជំនួយជារថយន្តក្រុងថ្មី១០០គ្រឿង មកឲ្យប្រទេសកម្ពុជា ដើម្បីដាក់ឲ្យដំណើរការនៅ ក្នុងរាជធានីភ្នំពេញជាសារធាណៈ។

លោក ម៉េត មាសភក្តី បានបន្តថា «រថយន្តក្រុងដែលជាជំនួយរបស់ចិន និងត្រូវដាក់ឲ្យដំណើរការនូវខ្សែរត់ថ្មី ដោយខាងសាលារាជធានីភ្នំពេញ បានរៀបចំសម្រាប់រថយន្តក្រុងថ្មី ដែលបន្ថែមសម្រាប់ខ្សែរថយន្តដែលយើង មានស្រាប់ចំនួន៣ខ្សែ ហើយរថយន្តដែលទទួលបានថ្មីពីប្រទេសចិន យើងអាចដាក់បន្ថែមលើរថយន្តចាស់ ដើម្បីកាត់បន្ថយការរង់ចាំរបស់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការកកស្ទះចរាចរនៅរាជធានីភ្នំពេញ»។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ មានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែដោយខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយ តាមផ្លូវជាតិលេខ១ រីឯខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅរង្វង់មូលចោមចៅ ហើយរថយន្តក្រុងទាំង៣ខ្សែនេះ ប្រើប្រាស់រថយន្ត៥៧គ្រឿង ជាមួយចំណតរង់ចាំ១៦៨កន្លែង។

លោក ម៉េត មាសភក្តី​ បានបញ្ជាក់ថា «មិនមែនតែភាគីចិននោះទេ ដែលបានផ្តល់ជំនួយជារថយន្តក្រុងសាធារណៈមកកម្ពុជា, ខាងភាគីជប៉ុន តាមរយៈទីភ្នាក់ងារ JICA នឹងជួយឧបត្តម្ភរថយន្តក្រុងថ្មីចំនួន១៨០គ្រឿងបន្ថែមទៀត ដែលនឹងមកដល់កម្ពុជា តាមដំណាក់កាលបន្តបន្ទាប់ទៀត»។ បើតាមអ្នកនាំពាក្យរូបនេះ រថយន្តទាំង១០០គ្រឿង ដែលមិត្តផ្តល់ជូននេះរួមមាន៖ រថយន្ត៣៥កៅអីចំនួន៦០គ្រឿង, រថយន្ត២៧កៅអីចំនួន៣៨ និងរថយន្តស្ទូចចំនួន២គ្រឿង៕