(ត្បូងឃ្មុំ)៖​ រថយន្ដដឹក​ឈើប្រណិតមួយគ្រឿង ដែលសមត្ថកិច្ចអះអាងថា បានធ្វើដំណើរចេញពីទឹកដីខេត្តកំពង់ស្ពឺ បំណងឆ្ពោះទៅប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាប់ឃាត់បានដោយរកឃើញឈើប្រណិតជាច្រើនដុំ មានមុខកាត់ធំៗ ប៉ុន្ដែអ្នកបើករថយន្ដបានរត់គេចខ្លួនដោយសុវត្ថិភាព។

ប៉ុន្ដែអ្វីដែលហួសចិត្តបំផុតនោះ ត្រូវបានសមត្ថកិច្ចលួចបង្ហើបថា រថយន្ដនេះត្រូវបានប្រើប្រាស់ និងមានម្ចាស់កម្មសិទ្ធិនៅក្នុងប្រទេសវៀតណាម ហើយបានលួចបើកចូលមកទឹកដីកម្ពុជា ដោយពាក់ស្លាកលេខក្លែងក្លាយទៀតផង គឺស្វាយរៀង3A-9391។

មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ​ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន រថយន្ដដឹកឈើមួយគ្រឿងនេះ ចូលទឹកដីខេត្តត្បូងឃ្មុំ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយមន្ដ្រីរដ្ឋបាល ព្រៃឈើស្ទាក់ចាប់បាន ប៉ុន្ដែអ្នកបើករថយន្ដគេចខ្លួនពេលដែលឃើញក្រុមសមត្ថកិច្ចចុះទៅដល់។

តាមការពិនិត្យជាក់ស្ដែងរថយន្ដនេះ អាចធ្វើដំណើរឆ្ពោះទៅខេត្តក្រចេះ ឬខេត្តមណ្ឌលគិរី ដើម្បីចេញទៅវៀតណាម ប៉ុន្ដែត្រូវជាប់ជុចរបស់សមត្ថកិច្ចខេត្តត្បូងឃ្មុំ។​ បច្ចុប្បន្នឈើប្រណិតជាច្រើនដុំនេះ ត្រូវបានប្រគល់ឲ្យមន្ដ្រីរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែង និងចាត់វិធានការនីតិវិធី៕