(ត្បូងឃ្មុំ)៖ នៅរសៀលម៉ោង២និង៤៨នាទី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងសួង បានធ្វើការចុះល្បាតតាមមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដកហូតថ្នាំញៀនមួយកញ្ចប់ធំ និងវត្ថុតាងប្រើប្រាស់បានមួយចំនួន ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

មន្ត្រីនគរបាលក្រុងសួង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ ឲ្យដឹងថា មុននឹងឈានទៅបង្រាបជនសង្ស័យខាងលើ មន្ត្រីជំនាញ ធ្វើការស្រាវជ្រាវអស់រយៈពេលយ៉ាងយូរទម្រាំតែឈានទៅការឃាត់ខ្លួនតែម្តងជនសង្ស័យ ឈ្មោះ លន់ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅ ភូមិជ្រូយ សង្កាត់សួង ក្រុងសួង ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមមូលដ្ឋានដែលបង្ក ឲ្យមានការភ័យខ្លាចដល់ប្រជាពរដ្ឋ មូលដ្ឋានជាពិសេសចំពោះអាណាព្យាបាលតែម្តងដោយខ្លាចជននេះលួងលោមកូនៗ របស់ពួកគាត់ ឲ្យប្រើប្រាស់គ្រឿងញៀនដូចជនល្មើស។

កម្លាំងសមត្ថកិច្ច បានបន្តថា បន្ទាប់ពីឃើញជនសង្ស័យដែលជាមុខសញ្ញាចាស់ឈ្មោះ លន់ ម៉ៅ នេះបានរត់គេចខ្លួនចេញពីក្រុមសមត្ថកិច្ច ភ្លាមៗ នោះសមត្ថកិច្ចបានដាក់ការសង្ស័យ ដោយធ្វើការតាមឃាត់ខ្លួនបានភ្លាមៗ ដោយធ្វើការឆែកឆេរខ្លួនបានរកឃើញម្សៅក្រាម ពណ៌ស១កញ្ចប់ធំ (ជាប្រភេទថ្នាំញៀន ម៉ាទឹកកក)  និងឧបករណ៍សំរាប់ជក់ ព្រមទាំងថង់សម្រាប់វិចខ្ចប់ មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការដ្ឋានក្រុងសួង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕