(កំពង់ចាម)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបករណីគ្រឿងញៀន២លើក ដោយឃាត់បានជនសង្ស័យ១៤នាក់ និងដកហូតបានថ្នាំញៀន៧១កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការធ្វើឡើងចំនួន២លើក ដោយលើកទី១​៖ នៅយប់ថ្ងៃទី០៩ ខែកក្កដា នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិទី៦ សង្កាតវាលវង់ ក្រុងកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ស្រី០៣នាក់ ដកហូតបានម្សៅក្រាមពណ៌ស ចំនួន១៩កញ្ចប់ ទូរស័ព្ទដែ០៣គ្រឿង និងសម្ភារៈមួយចំនួនទៀត។

លោកមេបញ្ជាការបន្ថែមថា លើកទី២៖ នៅថ្ងៃទី១៣ ខែកក្កដា នៅចំណុចបន្ទប់ជួលភូមិទី៦ សង្កាតវាលវង់ ក្រុងកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ ដកហូតបានម្សៅក្រាមពណ៌ស ចំនួន៥២​កញ្ចប់ និងសម្ភារពាក់ព័ន្ធថែមទៀត។

ក្រោយបញ្ចប់ការសួរនាំ ជនសង្ស័យទាំងអស់នេះ​បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕