(កំពង់ស្ពឺ)៖ ខណៈក្រុមមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងមន្ត្រីសាលាខេត្ត ចុះត្រួតពិនិត្យរកទីតាំងដាំដើមឈើច័ន្ទគិរី ដើម្បីលម្អរសោភ័ណភាព តាមដងផ្លូវជាតិលេខ៤ នៅស្រុកសំរោងនោះ ក៏ផ្ទុះនូវការភ្ញាក់ផ្ញើលមួយឡើង ដោយសារមានសកម្មភាពចាក់ដីរំលោភយកចំណីផ្លូវមួយចំនួន ឯកន្លែងខ្លះក៏លុបទាំងប្រឡាយ និងលូទៅទៀត ដែលទង្វើនេះហាក់ដូចជាមិនកោតញញើតនឹងច្បាប់អ្វីបន្តិចសោះ។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពចាក់ដីលុបលើចំណីផ្លូវជាតិនេះ គឺមន្ត្រីរបស់សាលាខេត្តកំពង់ស្ពឺផ្ទាល់ ជាអ្នកកាងនៅពីក្រោយខ្នង ឯអាកប្បកិរិយាទៀតសោត មិនសូវជាគោរពអាជ្ញាធរថ្នាក់មូលដ្ឋានប៉ុន្មានទេ ថែមទាំងអាងសិទ្ធិអំណាចរំលោភបំពានកេងប្រវ័ញ្ច ក្នុងបំណងយកដីចំណីផ្លូវរបស់រដ្ឋតែម្តង។

មន្រ្តីអ្នកចុះត្រួតពិនិត្យបានឲ្យដឹងថា សកម្មភាពរំលោភច្បាប់នៅនឹងមុខនេះ កើតឡើងក្នុងទីតាំងចំនួន២កន្លែង គឺមួយកន្លែងកើតឡើងលើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាប់ស្ពានអូរក្រាំអំបិល ចំណែកមួយកន្លែងទៀត នៅចំណុចភូមិព្រែកឫស្សី ឃុំសំបូរ ស្រុកសំរោទង ពោលនៅលើកំណាត់ផ្លូវជាតិលេខ៤ដូចគ្នា ដោយគេឃើញមានក្រុមហ៊ុនមួយ កំពុងបញ្ជារថយន្តបែនឲ្យចាក់លុបប្រឡាយ លុបលូ លើផ្លូវសាធារណៈនេះ មិនញញើញមន្ត្រីណាទាំងអស់ មើលទៅដូចជាអនាធិបតេយ្យពេក។

លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង បានឲ្យដឹងគ្រាដែលចុះមកដល់ទីតាំងដីនោះថា ក្រុមអ្នកចាក់ដីទាំងនេះ ពិតជាបានរំលោភបំពានចំណីផ្លូវយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុឈានទៅដល់ការបាត់បង់ប្រឡាយទឹកថែមទៀត។

លោកអភិបាលស្រុកបានបន្តថា ក្រុមចាក់ដីលុបប្រឡាយទឹកនេះ បានធ្វើឡើងគ្រាដែលលោកអវត្តមានការងារ ដោយលោកសម្រាកព្យាលនៅក្រៅប្រទេស តែទោះជាយ៉ាងណា ក្រោមបញ្ជាពីអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង នោះ លោកនឹងចាត់ឲ្យក្រុមចាក់ដីលុបយកចំណីផ្លូវធ្វើឲ្យបានដូចដើមវិញ ខណៈលោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ច្បាស់ដែរថា មន្ទីរសាធារណការនឹងចាត់ការតាមច្បាប់ និងបញ្ឈប់មិនឲ្យមានការចាក់ដីរំលោភចំណីផ្លូវបន្តទៀតឡើយ។

ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីបញ្ហានេះ បានស្នើឲ្យអាជ្ញាធរបង្ខំឲ្យក្រុមចាក់ដីលុបលូ លុបប្រឡាយទាំងនោះ ដាក់លូ និងបង្ខិតគម្លាតពីទ្រូងផ្លូវ ឲ្យបានត្រឹមត្រូវដូចដើមវិញ ហើយធ្វើដោយស្មើភាពជៀសវាងទឹកភ្លៀងជនលិចភូមិដ្ឋាន និងផ្លូវរបស់ពួកគាត់ធ្វើដំណើរ។

យោងតាមច្បាប់ស្តីពី ផ្លូវថ្នល់ ត្រង់មាត្រា៧៣ បានចែងថា «ជនណាដែលកែប្រែ ឬបង្វែរផ្លូវថ្នល់ និងលើក ឬបើកផ្លូវថ្នល់តភ្ជាប់ទៅផ្លូវធំ ដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យជាប្រាក់ ១,០០០,០០០រៀល (មួយលានរៀន)។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០រៀល ទៅ ៤,០០០,០០០រៀល»