(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ មានពលករ-ពលការិនីខ្មែរ ចំនួន៧៩នាក់ទៀតហើយ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្រ្កាប ពលករបរទេសខុសច្បាប់ ដែលកំពុងធ្វើឡើង នៅប្រទេសម៉ាឡេស៊ី។ នេះបើតាម ការប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃនេះ។

ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរចំនួន៧៩នាក់នោះ មានស្រ្តី៣២នាក់ ដែលត្រូវបានឃាត់ខ្លួន នៅក្នុងប្រតិបត្តិការឃាត់ខ្លួនពលករបរទេស ធ្វើការខុសច្បាប់ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ មក។

បើតាមក្រសួងការបរទេសកម្ពុជា ចាប់តាំងពីថ្ងៃនៃការផ្តើមប្រតិបត្តិការនេះ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី ក៏បានជួយទទួលយកពលករ-ពលការិនី ឱ្យស្នាក់នៅចំនួន៣០នាក់ផងដែរ ហើយស្ថានទូតក៏កំពុងសម្របសម្រួលដោះស្រាយ ជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីរៀបចំមាតុភូមិនិវត្តន៍ របស់ពួកគាត់។

ដោយឡែកករណីឃាត់ខ្លួនពលករ ពលការិនីខ្មែរ ខុសច្បាប់ នៅម៉ាឡេស៊ីនេះ ស្ថានទូតកម្ពុជា ក៏កំពុងរកវិធីដោះស្រាយផងដែរ៕