(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៉ី (ADB) នៅថ្ងៃទី១៤ ខែកក្កដានេះ បានបើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីវាយតម្លៃលើកិច្ចគាំពាយេនឌ័រនៅកម្ពុជា។

យោងសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ADB បានគត់សម្គាល់ថា «កម្ពុជាត្រូវការកិច្ចគាំទ្របន្ថែមទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅសមភាពយេនឌ័ររបស់ខ្លួន»។

អ្នកស្រី Veronique Salze-Lozac'h អគ្គនាយករងទទួលបន្ទុកការវាយតម្លៃឯករាជ្យ របស់ ADB បានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូរអភិវឌ្ឍដទៃ ត្រូវចូលរួមឲ្យបានកាន់តែខ្លាំងក្លា ជាមួយរដ្ឋាភិបាលនៅក្នុងសន្ទនា គោលនយោបាយស្ដីពីសមភាព យែនឌ័រ ដែលនៅតែជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍន៍ មួយធ្ងន់ធ្ងរបំផុតរបស់កម្ពុជា។  

ការវាយតម្លៃឯករាជ្យរបស់ ADB បានបង្ហាញថា ប្រទេសកម្ពុជាមានរចនាសម្ព័ន្ធរដ្ឋបាលដ៏ធំធេង ដើម្បីសម្រេចឲ្យបាននូវគោលដៅ សមភាពយេនឌ័ររបស់ខ្លួន ដែលរចនាសម្ព័ន្ធនេះរួមមានក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតកម្ពុជាដើម្បីស្ត្រី ដែលមាននាយករដ្ឋមន្ត្រីជាប្រធាន។ ប៉ុន្តែសមត្ថភាពធ្វើប្រតិបត្តិការរចនាសម្ព័ន្ធ ដ៏គួរឲ្យចាប់អារម្មណ៍នេះនៅមានកម្រិតនៅឡើយ។

ជាមួយគ្នានេះ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ADB ក៏បានរំលេចផងដែរថា រយៈពេល១០ឆ្នាំចាប់ពីឆ្នាំ២០០៥ ដល់ ២០១៥ ADB បានផ្តល់ឥណទាន និងបរិញ្ញប្បទានឥតសំណងដល់កម្ពុជា ចំនួន១.៤ពាន់លានដុល្លារ ដែលផ្តោតលើការផ្គត់ផ្គង់ទឹក និងអនាម័យទីក្រុង ការអប់រំ កសិកម្ម និងធនធានធម្មជាតិ ដែលរាប់បញ្ចូលផងដែរនូវគម្រោងធារាសាស្ត្រ៕