(ប៉ៃលិន)​៖ លោក​ កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត ​ជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមនូវគ្រប់ សកម្មភាពការរៀបចំផែនការ សកម្មភាពតាមជំនាញ តួនាទីដើម្បីគាំទ្រការកសាងផែនការរៀបចំដែនដីខេត្ត ជាពិសេសខិតខំ អនុវត្តន៍គោលនយោបាយ និងបច្ចេកទេសមួយច្បាស់លាស់ និង​ក្តាប់ឲ្យបានរាល់សកម្មភាព ​កសាងផែនការរៀបចំដែនដីឲ្យបានច្បាស់លាស់ និងសម្រេចបានជោគជ័យ។

​នៅក្នុង​សិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការជម្រុញការគាំទ្រ ការ​កសាងផែនការរៀបចំដែនដីខេត្តប៉ៃលិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ លោក កើត សុធា បញ្ជាក់ថា​បច្ចុប្បន្ននេះមានក្រសួង និងស្ថាប័នជាច្រើន ដែលមានការពាក់ព័ន្ធ និងមានឥទ្ធិពលទៅលើការសម្រេចចិត្ត ក្នុងការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ដូច្នេះដើម្បីឆ្លើយតបទៅនឹងការកសាងផែនការ បែបសមាហរណកម្ម ប្រមុខរាជរដ្ឋាភិបាលនៃ​កម្ពុជា តាមរយៈគណៈរដ្ឋមន្រ្តី បានអនុម័តគោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី​០៨ ខែមេសា ឆ្នាំ២០១១ និងបានបង្កើតគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន ដោយគណៈកម្មាធិការនេះ ជាស្ថាប័នធ្វើការអនុវត្តការកសាងផែនការការរៀបចំដែនដី​។

លោកអភិបាលខេត្ត​បន្តថា សម្រាប់ថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានចេញនូវអនុក្រិត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ២០១២ ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគររូបនីយកម្ម ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានសមាសភាពមកពីអន្តរវិស័យ ដើម្បីចូលរួមសហការគ្នា ក្នុងការកសាងផែនការ ប្លង់គោលប្រើប្រាស់ដី និងផែនការនូវកម្រិតថ្នាក់ក្រោមៗទៀត ដើម្បីឆ្លើយតបទៅនឹងការគ្រប់គ្រង ការប្រើប្រាស់ដី និងការអភិវឌ្ឍ​ន៍ដែនដីប្រកបដោយចីរភាព។

លោក ហ៊ឺ ចិន្តា អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម និងជាអគ្គនាយករងលំនៅដ្ឋាន បានឲ្យដឹងថា​ ការកសាងផែនការ និងគម្រោងលើការរៀបចំដែនដី (ឬប្លង់មេ) គឺសំដៅដល់វិធីសាស្រ្ត និងឧបករណ៍ដែលប្រើប្រាស់ សម្រាប់ធ្វើការគ្រប់គ្រងប្រជាពលរដ្ឋ និងសកម្មភាពផ្សេងៗនៅលើដែនដី ហើយវាពិតជាមានសារៈសំខាន់ណាស់។

​សម្រាប់ការអភិវឌ្ឍនជាតិទាំងមូល និងវឌ្ឍនភាពដ៏យូរអង្វែងមួយ ដែល​ត្រូវការផែនការរៀបចំដែនដី ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិជាជំហ៊ានៗ សមស្របតាមផែនការតាមវិស័យក្រសួង និងមន្ទីរជំនាញ ហើយម្យ៉ាងវិញទៀត វាជាផែនការអភិវឌ្ឍន៍​មូលដ្ឋាន ដូចជាភូមិ-ឃុំ ឲ្យមានចេរភាពច្បាស់លាស់មួយ៕