(ភ្នំពេញ)៖ សិស្ស-និស្សិតប៊ែលធីចំនួន ៧១នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានចំណាយពេល ១៤ថ្ងៃ ក្នុងការចូលរួមកម្មវិធីបោះជំរំអន្តរជាតិ (World Camp 2017) នៅប្រទេសកូរ៉េ ប្រកបដោយជោគជ័យ នៅវេលាម៉ោង ១១៖៣៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ។ ការបោះជំរំជាអន្តរជាតិនេះ មានយុវជនជាង ៤,០០០នាក់ មកពី ៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំ មកពីបណ្តាប្រទេសនានា ចំនួន២២ ចូលរួមផងដែរ។

កញ្ញា សុខ ស្រីកា សិស្សសាលាប៊ែលធីអន្តរជាតិ ថ្នាក់ទី១១ សាខាផ្សារទួលទំពូង បានឲ្យដឹងថា បន្ទាប់ពីបានចូលរួមបោះជំរុំអន្តរជាតិ នៅប្រទេសកូរ៉េ រយៈពេល១៤ថ្ងៃនេះ នាងមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះនាងខ្ញុំបានចូលរួមកម្មវិធីជាច្រើន ដែលគេបង្កើតឡើង។ ជាក់ស្ដែងក្នុងកម្មវិធី Mind Lecture នាងខ្ញុំបានយល់ដឹងជាច្រើនចំណុចដូចជា ការមានគំនិតវិជ្ជមាន ការមានកម្លាំងចិត្តយកឈ្មះឧបសគ្គ ការចេះស្រឡាញ់ឪពុកម្ដាយបងប្អូន ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ការបើកចិត្តទូលាយ។

-នៅក្នុងកម្មវិធី Academy Class ប្អួនចូលរួមការលេងល្បែង ប្រជាប្រិយកូរ៉េ ការបង្កើតសម្ភារៈប្រើប្រាស់ វិធីថែសម្ភស្សជាដើម នាងខ្ញុំមានអារម្មណ៍ថា វាថ្មីសម្រាប់លោក ។
-នៅក្នុងកម្មវិធីដើរផ្សារ នៅក្នុងកម្មវិធីជិះទូក នៅក្នុងកម្មវិធី Homestay ។ ជាចុងក្រោយលោកសូមថ្លែងអំណរគុណដល់សាលាប៊ែលធីអន្តរជាតិ ក៏ដូចជាឯកឧត្តមលី ឆេង ដែលបានបង្កើតកម្មវិធីនេះឡើង។

យុវសិស្ស ប៊ុណ្ណា លីហួ ថ្នាក់ទី១១ សាខាទី៣ បាននិយាយឲ្យដឹងថា នៅក្នុងការចូលរួមកម្មវិធីបោះជំរំអន្តរជាតិ (World Camp 2017) នៅប្រទេសកូរ៉េនេះ ប្អូនបានទៅសិក្សាតាមតំបន់សំខាន់ ៗជាច្រើនដូចជា ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន និងតំបន់ប្រវិត្តសាស្រ្តច្រើនផ្សេងៗទៀតផងដែរ ។ យុវសិស្ស ប៊ុណ្ណា លីហួ បានបន្តថា នៅក្នុងកម្មវិធីបោះជំរុំអន្តរជាតិ នៅប្រទេសកកូរ៉េនេះ ប្អូនបានទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើន ។ ជាក់ស្ដែងក្នុងកម្មវិធី៖
-កម្មវិធី Mind Lecture ប្អូនបានយល់ដឹងពីការបង្កើតគំនិតវិជ្ជមាន ការលើកម្លាំងចិត្ត ការទំនាក់ទំនងល្អជាមួយអ្នកដទៃ ការស្រឡាញ់ឪពុកម្ដាយបងប្អូនជាដើម ។
-ក្នុងកម្មវិធី Homestay ខ្ញុំដឹងពីក្បួនរស់នៅរបស់ប្រជាជនកូរ៉េ ការប្រាស្រ័យទាក់ទងគ្នាល្អ ជាមួយជនជាតិកូរ៉េ។
-ក្នុងកម្មវិធីនេះដែរ ប្អូនដឹងអំពីការប្រាស្រ័យទាក់ទងជាមួយជនជាតិ ជាច្រើន ដោយប្រើភាសាអង្គគ្លេស ការធ្វើការជាក្រុម ការលេងល្បែងប្រជាប្រិយជាដើម ។ កម្មវិធីនេះប្អូន ទទួលបានបទពិសោធន៍ នៃការប្រើប្រាស់ ភាសាអង្គគ្លេស បទពិសោធន៍នៃការរស់នៅជាក្រុម បទពិសោធន៍នៃការរស់នៅដោយឯករាជ្យ។ ជាចុងក្រោយប្អូនសូមថ្លែង អំណរគុណ សាលាប៊ែលធីអន្តរជាតិនិងឯកឧត្តម លី ឆេង ដែលបានបង្កើតកម្មវិធីបោះជំរុំអន្តរជាតិនេះ ។

ក្នុងឱកាសនោះដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងថា៖ ប៊ែលធី គ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ។ ក្នុងឆ្នាំ២០១៧នេះ ប៊ែលធីបានបញ្ជូនសិស្ស-និស្សិតចំនួន ៧១នាក់ ដើម្បីចូលរួមកម្មវិធីបោះជំរំអន្តរជាតិ ដែលមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ទី ១៤ ខែកក្កដា ហើយបានទៅទស្សនា និងសិក្សាតាមតំបន់សំខាន់ៗជាច្រើនដូចជា ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន និងតំបន់ប្រវិត្តសាស្រ្តផ្សេងៗទៀតផងដែរ។

លោកក៏បានបន្តរទៀតថា គោលបំណង និងអត្ថប្រយោជន៍នៃការចូលរួមការបោះជំរំនេះគឺ សាលាចង់ឲ្យសិស្សរបស់យើងមានភាពក្លាហាន ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុម ជាមួយជាតិសាសន៍ផ្សេងៗគ្នាដើម្បីដកស្រង់នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនៅ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀតដែលប្អូនៗពុំធ្លាប់បានជួប។ ហើយការចូលរួមបោះជំរំនេះ ក៏បានបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិ មានសមត្ថភាពគ្រប់គ្រាន់ អាចចូល រួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់នូវ ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ៕