(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានថ្លែងថា សន្តិភាពនៅកម្ពុជា បានធ្វើឱ្យមនុស្សគ្រប់ៗគ្នា រស់នៅសុខស្រួល និងមានឱកាសគ្រប់យ៉ាង ក្នុងកសាងសង្គមគ្រួសារ សហគមន៍ឱ្យកាន់តែរីកចម្រើន ហើយថា «បើសន្តិភាពរលាយហើយ គឺអ្វីៗ នឹងអន្តរាយជាមិនខាន»។

នៅលើទំព័រ Facebook Page សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាមានមោទនៈភាពចំពោះសន្តិភាព និងវឌ្ឍនភាព របស់ប្រទេសជាតិសព្វថ្ងៃ។ សន្តិភាពបានធ្វើឱ្យយើងគ្រប់ៗគ្នា រស់នៅសុខស្រួល និងមានឱកាសគ្រប់យ៉ាង ក្នុងកសាងសង្គមគ្រួសារ និងសហគមអោយកាន់តែរីកចម្រើន»

សម្តេចគូសបញ្ជាក់បន្តទៀតថា «សន្តិភាពគឺបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារអោយបានរឹងមាំស្ថិតស្ថេរគង់វង្ស។ បើសន្តិភាពរលាយហើយ គឺអ្វីៗនឹងអន្តរាយ ជាមិនខាន»។

ជាមួយនឹងសន្តិភាពកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរ កម្សាន្តនានា ប្រកបដោយសុខសុវត្ថិភាព និងបានសប្បាយរីករាយ ជាមួយក្រុមគ្រួសារ៕