(បន្ទាយមានជ័យ​)៖ នាព្រឹកថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០១៧​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​សមាជិកអចិន្រ្តៃយ៍ គណ:កម្មាធិការកណ្តាល ​គណបក្សប្រជាជនកម្ពុជា ​ចុះជួបសំណេះសំណាល​ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ​ សមាជិក​ សមាជិកា​មហារគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន​១៥០០នាក់​មកពីឃុំតាបែន​ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងដោយរំលឹកថាតំបន់ស្វាយចេក​ គឺជាសមរភូមិសង្រ្គាមវាយប្រយុទ្ធ គ្នាយ៉ាងសាហាវរវាងខ្មែរ​នឹងខ្មែរ​ ប្រជាពលរដ្ឋបានបោះបង់ចោលផ្ទះសម្បែង​ ភូមិករដើម្បីគេចពីគ្រោះថ្នាក់នៃគ្រាប់រំសេវ​ទីនេះហើយជា ទីតាំងបង្ហូរឈាមស្រស់​ សាច់ស្រស់របស់យុវជនកូនប្រជាពលរដ្ឋ​យើង​មានអ្នកខ្លះ បានបាត់បង់ជីវិត​ អ្នកខ្លះបានរងរបួសពិការដាច់ដៃ ជើងវេទនា​ ព្រាត់ប្រាស់ប្តីប្រពន្ធកូន​ កុមារ​ យុវជនមិនបានទៅសាលារៀន​ប្រជាពលរដ្ឋគ្មានពេលធ្វើស្រែចម្ការ​ នាំមកនូវភាពអវិជ្ជា​ ក្រីក្រលំបាក​ ពេលនោះមិនមាននរណាមកធ្វើការសន្យាឬជួយដោះស្រាយនូវសម្រែកហៅរកសេចក្តីសុខរបស់ប្រជាពលរដ្ឋ​ឡើយ ក្នុងដំណាក់កាលនោះ​គណបក្សប្រជាជនដែលជាគណបក្សរបស់ប្រជាជន​ រួមសុខទុក្ខជាមួយប្រជាជន​ ដៃម្ខាងកសាងប្រទេស និងការពារប្រជាជន​រក្សាសន្តិសុខភូមិករពីការលួចឆក់ប្លន់ដុតផ្ទះសម្បែងប្រជាពលរដ្ឋយើងពីសំណាក់ពួកទ័ពព្រៃប្រតិកិរិយា​និងដៃម្ខាង ស្វែងរកសន្តិភាពជូនប្រទេស​តាមរយះកិច្ចចចារសន្តិភាពបង្រួមបង្រួមជាតិ។

ក្រោយមកក្រោមយុទ្ធសាស្រ្តឈ្នះ​ ឈ្នះ​សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជន​កម្ពុជា​ ប្រទេសកម្ពុជាទាំងមូលមាន សុខសន្តិភាព​ សណ្តាប់ធ្នាប់របៀបរៀបរយសង្គម ពេញផ្ទៃប្រទេសសង្គ្រាមផ្ទៃក្នុងខ្មែរនិងខ្មែរ ត្រូវបានបញ្ចប់ធ្វើឱ្យគណបក្សប្រជាជន មានពេលវេលា ដោយរួមគ្នាជាមួយប្រជាជនកសាង បានមកវិញនូវផ្លូវថ្នល់​ ស្ពាន​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​ និងហេដ្ឋារចនា សម្ព័ន្ធសង្គមរីកចម្រើនទៅមុខលើគ្រប់វិស័យ​ ការអនុគ្រោះមិនយកពន្ធ​ដីធ្លី​ គ្រឿងបរិក្ខារបម្រើដល់វិស័យកសិកម្ម​ ការប្រែក្លាយតំបន់ ដែលធ្លាប់តែច្បាំងវាយប្រយុទ្ធគ្នាទៅជាតំបន់សន្តិភាព​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ គឺដើម្បីសម្រួលជីវភាពរស់នៅ​កាត់បន្ថយបាននូវភាព ក្រីក្រជូនប្រជាពលរដ្ឋយើងឱ្យបានកាន់តែឆាប់រហ័ស​ ដែលយើងបានឃើញទាំងអស់គ្នា។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ​ យុវជន​ យុវនារី​ និងសមាជិក​ សមាជិកា​ទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ សង្កាត់​ កាលពីថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ កន្លងទៅ​និងបានធ្វើការអំពាវនាវសុំឱ្យបន្តបោះឆ្នោតផ្តល់ការទុកចិត្ត ដល់គណបក្សប្រជាជនក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនៅ ឆ្នាំ២០១៨ជាបន្តទៀត​ ដោយឯកឧត្តមបានគូសបញ្ជាក់ទៀតថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលមានស្នាដៃ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ​ នៅជាមួយប្រជាជនគ្រប់កាល:ទេស:ទាំងអស់គិតតែពីការកសាងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តែមិនចេះសន្យាចោលទេ​។

ជាទីបញ្ចប់នាយឧត្តមសេនីយ៍​កែ​ គឹមយ៉ាន​ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃឱ្យបានល្អ ដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពី សំណាកជនអគតិមួយ ចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ​ និងសូមជួយមើលថែអប់រំកូនចៅ​ឱ្យបានល្អនិងធានាថាការរីកធំធាត់របស់ពួកគេមានសុវត្ថិភាព​មិនប៉ះពាល់គ្រឿងញៀន ពិសេសយុវជន​ យុវនារី​ ត្រូវអប់រំ​ផ្សាយផ្សាយបន្តដល់បងប្អូន​ មិត្តភក្តិ​ មនុស្សជាទីស្រឡាញ់​កុំឱ្យទៅជិតគ្រឿងញៀន​គ្រប់ប្រភេទ​ ។

ជាទ្រនាប់ដៃ​ នៃវប្បធម៌ចែករំលែក​ នាយឧត្តមសេនីយ៍​កែ​ គឹមយ៉ាន​ និលោកជំទាវ ម៉ៅ ម៉ាល័យក៏បានផ្ដល់អំណោយដល់ ក្រុមប្រឹក្សាឃុំ~សង្កាត់ ១១០០ ដុល្លា ឃុំតាបែន ២,០០០,០០០រៀល សាលាបឋមសិក្សា ៥០០,០០០រៀល ប្រជាពលរដ្ឋចូលរួម ១៥០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ថវិកា ១មុឺននរៀល និងបានផ្ដល់អំណោយជាផ្លូវបេតុងពីរខែ្សដែលមានប្រវែង ៤០០០ ម៉ែត្រ X ទទឹង ៥ ម៉ែត្រ​ ផងដែរ៕