(កំពត)៖ ស្រះទឹកធំមួយមានទំហំ ៧០ម៉x៤០ម៉ ដែលចំណាយអស់ទឹកប្រាក់ ជាង១ម៉ឺនដុល្លារអាមេរិក ក្នុងការស្តារឡើងវិញនោះ ត្រូវបានសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៧ ម្សិលមិញដោយក្រុមការងារតំណាង លោកបណ្ឌិត ហ៊ុន ម៉ាណែត និងសប្បុរសជនមួយចំនួនទៀត។

ស្រះទឹកនេះ ត្រូវបានស្តារួចរាល់ សម្រាប់ដោះស្រាយតម្រូវការប្រើប្រាស់ទឹក នៅក្នុងទីអារាមវត្តបរិវាស និងពលរដ្ឋក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត  ខណៈដែលវត្ត តំបន់នេះ មានការលំបាក ខ្វះខាតទឹក សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ហើយនេះជា សមិទ្ធិផលសំខាន់មួយ ដែលបានឆ្លើយតបនឹង សំណូមពរព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះ ជើងវត្តមួយនេះ។

លោក ជ្រុន ថេរ៉ាវ៉ាត់ មន្រ្តីគណបក្សប្រជាជនកម្ពុជា តំណាងលោក ហ៊ុន ម៉ាណែត បានជម្រាបជូន ប្រជាពលរដ្ឋជាង១ពាន់នាក់ ដែល ចូលរួមអបអរក្នុងពិធីសម្ពោធ សមិទ្ធផលនេះ អំពីការខិតខំប្រឹងប្រែង របស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តី ដែលបានបង្កើតសមិទ្ធផលថ្មីៗ គ្រប់វិស័យជូនជាតិ ទូទាំងប្រទេសជាប្រយោជន៍រួមរបស់ប្រជាជន។

លោកបានរំលឹកពីប្រវត្តិសាស្រ្ត ក្នុងអតីតកាល និងតថភាពជាក់ស្តែងនៃសង្គមកម្ពុជាបច្ចុប្បន្ន ដែលបានបោះជំហ៊ានទៅមុខជាលំដាប់  ហើយដែលទាមទាឲ្យគ្រប់គ្នាត្រូវចូលរួម ថែរក្សាការពារសុខសន្តិភាព ដែលរកបានដោយលំបាក និងសមិទ្ធផល នានាដើម្បីឲ្យប្រទេស ដែលតែងវិនាសកម្មដោយសង្រ្គាមមួយនេះ កាន់តែអភិវឌ្ឍន៍រីកចំរើនថែមទៀត។

ក្នុងពិធីសម្ពោធស្រះទឹកនេះដែរ លោក ជ្រុន ថេរ៉ាវ៉ាត់ បាននាំយកអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត នូវបច្ច័យមួយចំនួនទៀត សម្រាប់ចូលរួមកសាងព្រះវិហារថ្មី នៃវត្តបរិវាស ក្នុងខេត្តកំពត ផងដែរ៕