(ភ្នំពេញ)៖ ក្រុមហ៊ុននាំចូលប្រេងម៉ាស៊ីនម៉ាក Eneos រំពឹងទទួលបានកំណើនលក់កើនឡើង នៅឆមាសបន្ទាប់ក្នុងឆ្នាំ២០១៧នេះ បន្ទាប់ការលក់របស់ខ្លួនហាក់មានសញ្ញាល្អ បើធៀបនឹងរយៈពេលដូចគ្នា កាលពីបណ្ដាឆ្នាំមុនៗ ពិសេស មាននូវដៃគូពាណិជ្ជកម្ម រហូតដល់ទៅ៤៥០កន្លែង នៅទូទាំងប្រទេសកម្ពុជា។

លោក សូ សុខប៊ុនថេត នាយកប្រតិបត្តិក្រុមហ៊ុន Professional Trader Cambodia Co.,Ltd បានលើកឡើងនៅក្នុងសិក្ខាសាលាប្រចាំឆ្នាំ២០១៧នេះថា ការរំពឹងទទួលបានកំណើនលក់កើនទ្វេដង នៅឆមាសបន្ទាប់នេះ គឺដោយសារតែមើលឃើញ ពីសញ្ញាល្អពីការលក់ប្រេងម៉ាស៊ីន ម៉ាកEneos នេះ កាលពីឆ្នាំមុន ដោយសម្រេចបានរហូតដល់ ២៥០តោន ខណៈដែលប្រេងម៉ាស៊ីនយីហោជប៉ុនមួយនេះ ទើបតែមានវត្តមានក្នុងទីផ្សារកម្ពុជា ជិត២ឆ្នាំតែប៉ុណ្ណោះ។

លោកបន្តថា យោងតាមការសម្រេចបាននូវកំណើនលក់ដ៏ល្អនេះ ក្រុមហ៊ុននៅតែរំពឹងថា នៅឆមាសបន្ទាប់ក្នុងឆ្នាំនេះ ប្រេងម៉ាស៊ីនយីហោជប៉ុនមួយនេះ នឹងអាចទទួលបានសញ្ញាល្អបន្ថែម ដោយរំពឹងថា អាចកើនឡើងទ្វេដង ពោលគឺអាចលក់បានប្រមាណ៤ទៅ៥តោន។

តាមការឲ្យដឹងពីនាយកប្រតិបត្តិក្រុមហ៊ុនខាងលើបានបន្ថែមថា បើនិយាយពីកំណើនប្រើប្រាស់ប្រេងម៉ាស៊ីនយីហោអន្តរជាតិដែលមានកម្រិតស្ដង់ដារ នៅក្នុងប្រទេសកម្ពុជា វាហាក់បីដូចជាមិនទាន់មានសន្ទុះច្រើនប៉ុន្មានទេ ប៉ុន្តែទោះជាយ៉ាងណា វត្តមានប្រេងម៉ាស៊ីនយីហោជប៉ុនម៉ាកEneos នេះ នឹងចូលរួមចំណែក បន្ថែមជម្រើសប្រេងម៉ាស៊ីនយីហោជប៉ុនបន្ថែម ក្នុងទីផ្សារកម្ពុជាផងដែរ។

គួរបញ្ជក់ថា វត្តមានប្រេងម៉ាស៊ីននេះ នឹងចូលរួមចំណែក ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និងគ្រឿងចក្រក្នុងទីផ្សារកម្ពុជា ខណៈដែលសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានបង្ហាញថា កម្ពុជាបាននាំចូលរថយន្តថ្មីៗគ្រប់ប្រភេទ មានការកើនឡើងជារៀងរាល់ឆ្នាំ ដោយកាលពីឆ្នាំ២០១៥ មានចំនួនប្រមាណ៦ម៉ឺនគ្រឿង ដែលចំនួននាំចូលជាច្រើននេះ នឹងក្លាយជាឱកាសសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ សំភារៈផ្សេងៗក្នុងវិស័យនេះ ហាក់មានទីផ្សារច្រើនផងដែរ៕