(កែប)៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នេះ បានដឹកនាំគណប្រតិភូបច្ចេកទេសរបស់ក្រសួង និងតំណាងអាជ្ញាធរខេត្តកែប និងខេត្តកំពតដឹកនាំដោយអភិបាលខេត្តទាំងពីរ ចុះពិនិត្យទីតាំងជាក់ស្តែងនៅអតីតព្រលានយន្តហោះខេត្តកំពត និងខេត្តកែប ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ដើម្បីកាត់មួយចំណែក ទុកបង្កើតជារោងចក្រផលិតទឹកស្អាត និងបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើវិស័យទឹកស្អាត។

ក្នុងឱកាសចុះពិនិត្យនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងអាជ្ញាធរខេត្តទាំងពីរបានចាត់ទុកទីតាំងទាំងពីរកន្លែងនោះ ថាមានលក្ខណៈសមស្របក្នុងការបង្កើតជារោងចក្រផលិតទឹកស្អាតបាន ហើយឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តទាំងពីរ ដែលបានខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពាក់ព័ន្ធក្នុងផ្ទៃដីអតីតព្រលានយន្តហោះទាំងពីរ ស្របតាមនីតិវិធី និងឈរលើមូលដ្ឋានជាក់ស្តែង។

លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យតំណាងអាជ្ញាធរខេត្តទាំងពីរបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ជាមួយប្រជាពលរដ្ឋ និងត្រូវគូសប្លង់ផែនទីឲ្យបានជាក់លាក់លើទីតាំងទាំងពីរ ដើម្បីក្រសួងយកទៅដាក់ឆ្លងសុំកាអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា ក្រោមគំនិតគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍នៅបណ្តាខេត្តតាមតំបន់ឆ្នេរ និងដោយទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី មានគម្រោងបង្កើតរោងចក្រផលិតទឹកស្អាត សម្រាប់តំបន់របៀងសេដ្ឋកិច្ចមាត់សមុទ្រ កែប និង កំពត ដោយទាញយកផលប្រយោជន៍ទឹកធ្លាក់ចេញពីវារីអគ្គិសនីនៅភ្នំកំចាយខេត្តកំពត ទៅផលិតជាទឹកស្អាតមានគុណភាព ដើម្បីផ្គត់ផ្គង់ចែកចាយដល់ប្រជាជនរស់នៅក្នុងខេត្តចំនួនពីរគឺខេត្តកំពត និងខេត្តកែប។

ចំពោះមហិច្ឆតាដ៏ធំនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានអនុញ្ញាតឲ្យក្រុមហ៊ុនមកពីសាធារណរដ្ឋប្រជាមានិតចិនមានឈ្មោះ China Energy Engineering Corporation Limited សិក្សាលើសមិទ្ធិលទ្ធភាពកាលពីពេលថ្មីនេះ ហើយដើម្បីអនុវត្តគម្រាងការនេះ ភាគីកម្ពុជាគឺជាអ្នកផ្តល់ទីតាំងដើម្បីបង្កើតរោងចក្រផលិតទឹកស្អាត មួយកន្លែងនៅខេត្តកំពត និងមួយទៀតនៅខេត្តកែប៕