(ភ្នំពេញ)៖ ក្រោយពីបែកធ្លាយឯកសារសំងាត់មួយលើកិច្ចព្រមព្រៀងចែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ ត្រូវបានគេដឹងថា ក៏មានមេឃុំបិតត្រាំង ខេត្តព្រះសីហនុ ម្នាក់ដែរ ឈ្មោះ ឡាក់ គៀន មកពីគណបក្សសង្រ្គោះជាតិ ជាអ្នកទទួលបានផលប្រយោជន៍នៃជម្លោះដីធ្លីនេះផងដែរ។ (លិខិតបញ្ជាក់ជាមេឃុំនៅខាងក្រោម)

អ្វីដែលជាការចាប់អារម្មណ៍ជាងនោះ, នៅក្នុងឯកសារសំងាត់បែកធ្លាយចែកផលប្រយោជន៍ពីជម្លោះដីធ្លីចំរូងចំរាស់នេះ ក៏ឃើញមានឈ្មោះ «ហូ វ៉ាន់» ផងដែរ ប៉ុន្តែនៅមិនទាន់ដឹងថា «ឈ្មោះ ហូ វ៉ាន់» នេះ ជាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ (ទី១០) នៃរដ្ឋសភា ឬយ៉ាងណានោះទេ ? ប៉ុន្តែបើតាមបញ្ជីឈ្មោះនេះទទួលបានទំហំដី ២០ម៉ែត្រ គុណ ៣០ម៉ែត្រ។

អង្គភាពព័ត៌មាន Fresh News នឹងសុំការបំភ្លឺពីលោក ហូ វ៉ាន់ លើបញ្ហានេះ ?

សូមជំរាបថា បន្ទាប់ពីលោក​មេធាវី ​ពុធ​ ធាវី​ និង​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើនដែល​អះអាង​ថា​ កើត​ទុក្ខ​មិន​សុខ​ចិត្ត​នឹង​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​នោះ នៅ​ថ្ងៃទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ម្សិលមិញនេះ​ លោកមេធាវីបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​សាលាដំបូង​​ខេត្ត​ព្រះសីហនុ, ប៉ុន្តែនៅ ថ្ងៃអាទិត្យ ទី១៦ ខែកក្កដានេះ ពោលមួយថ្ងៃក្រោយធ្វើសន្និសីទកាសែត ឯកសារសំងាត់ មួយលើកិច្ចព្រមព្រៀងបែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ ត្រូវបានបែកធ្លាយចេញពីសមាជិកមួយរូបក្នុងចំណោម៤១នាក់ ដែលមានឈ្មោះនៅក្នុងកិច្ចព្រមព្រៀងចែកភាគលាភ នារសៀលថ្ងៃអាទិត្យនេះ៕