(ភ្នំពេញ)៖ សពក្មេងប្រុសម្នាក់ ដែលបានលង់ទឹកស្លាប់ កាលពីថ្ងៃម្សិលមិញ ហើយបានបាត់ខ្លួនអស់រយៈពេលប្រមាណ២៤ម៉ោងកន្លងមកហើយនោះ ពេលនេះត្រូវបានរកឃើញ នៅក្នុងទឹករណ្ដៅដីដ៏ជ្រៃនោះហើយ ដោយប្រជាពលរដ្ឋបានចងផ្លែសន្ទូចអូស ទើបជាប់សម្លៀកបំពាក់ និងរកឃើញ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មី នៅថ្ងៃត្រង់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកាកាបថ្មី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះរូបនោះឈ្មោះ ភ័ក្រ្ត សុចិត្ត្រា អាយុ១៣ឆ្នាំ មុខរបរសិស្សមានទីលំនៅក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធីសែនជ័យ។ ឪពុកឈ្មោះ រិទ្ធ សុភ័ក្រ្ត អាយុ៤០ឆ្នាំ មុខរបរជាមន្រ្តីនគរបាល និងម្ដាយឈ្មោះ ហែម សុខន អាយុ៣០ឆ្នាំមុខរបរនៅផ្ទះ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីក្មេងប្រុសរងគ្រោះម្នាក់នេះ ទៅលេងនៅចំណុចកើតហេតុ បន្ទាប់មកបានចុះហែលទឹកលេង នៅក្នុងរណ្ដៅដីខាងលើ ហើយក្រោយមកបានលង់លិចបាត់ទៅក្នុងទឹក ចំណែកអ្នកដឋេលស្ថិតនៅក្បែរនោះ ម្នាក់បានត្រឹមតែរន្ធត់ ចិត្តគ្រប់គ្នាតែប៉ុណ្ណោះ។ ខណៈដែលបានឃើញក្មេងប្រុសរងគ្រោះ លិចបាត់ទៅក្នុងទឹកបន្តិចម្ដងៗនោះ មិនអាចមាននរណាម្នាក់ ប្រថុយចុះទៅជួយបានឡើយ ព្រោះរណ្ដៅដីមួយនេះ មានជម្រៅប្រហែល៥០ម៉ែត្រ ឯណោះមិនមែនរាក់ទេ។

ពេលនោះបានធ្វើឲ្យក្រុមមានការសោកសង្រេងយ៉ាងខ្លាំង ហើយត្រឹមតែនាំគ្នា អុជធូបបន់ស្រន់ឲ្យឆាប់រកសពកូនប្រុស ជាទីស្រឡាញ់ឆាប់ឃើញ និងឈរសម្លឹiងមើលទឹក ដ៏ជ្រៅនោះទុក្ខ ក្រៀមក្រមរហូតដល់យប់តែប៉ុណ្ណោះ។ ចំណែកអ្នកភូមិក៏ដូចគ្នាដែរ បាននាំគ្នាទៅចោមរោមមើលគ្រប់ៗគ្នា រហូតដល់ព្រឹកថ្ងៃទី១៧ ខែកក្កដា ទើបយកផ្លែសន្ទូចជាច្រើន ចងជាប់ខ្សែ និងឈើ រួចទម្លាក់ចូលទៅក្នុងទឹក ហើយអូសចុះអូសឡើងច្រើនដង រហូតដល់វេលថ្ងៃត្រង់ថ្ងៃដដែល ទើបរកឃើញសាកសពក្មេងប្រុសរងគ្រោះ បន្ទាប់មកបាននាំយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ៕