(​ភ្នំពេញ)៖ ក្រុមហ៊ុនផ្សព្វផ្សាយ​ពាណិជ្ជកម្ម MSA បានប្រកាសជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ពីការសហការជាដៃគូជាមួយ VLT ភ្នាក់ងារផ្សព្វផ្សាយ ឌីជីថល ដែលឈ្នះពានរង្វាន់​ជាច្រើន នៅប្រទេសម៉ាឡេស៊ី ដើម្បីនាំមកនូវដំណោះស្រាយ ពេញលេញផ្នែក​ទីផ្សារឌីជីថល ជូនដល់ម៉ាកយីហោ​​ក្នុងស្រុក និង​អន្តរជាតិ សំដៅចូលរួមជម្រុញ ការអភិវឌ្ឍនៅកម្ពុជា។ ភាពជាដៃគូនេះ នឹងធ្វើឲ្យ MSA ពង្រឹងសមត្ថភាព​បន្ថែមទៀត លើជំនាញរបស់ខ្លួន ក្នុងផ្នែកសេវាកម្មផ្សព្វផ្សាយ និងទីផ្សារ ស្របពេលដែលខ្លួនបានឈរជើង ដោយជោគជ័យរយៈពេល ១៦ឆ្នាំមកហើយ។

MSA បានកសាងទំនុកចិត្ត និង​សម្ព័ន្ធភាពជាយូរមកហើយ ក្នុងការជួយបង្កើត និងដំណើរការលើទីផ្សារលើម៉ាកយីហោជាច្រើន ដូចជា Yeo’s, AIA, EVA Air, Rohto-Mentholatum, Wrigley’s, Sanofi, Revlon...។ល។ ​ភាពជាដៃគូថ្មីនេះ គឺជាកត្តាជម្រុញបន្ថែមទៀត ក្នុងការអភិវឌ្ឍ និងផ្តល់ទំនុកចិត្ត នៅក្នុងសម្ព័ន្ធភាពរវាង​អតិថិជន និងភ្នាក់ងារផ្សព្វផ្សាយ​មួយនេះ។

VLT នាំមកនូវភាពជាដៃគូ និងការកំណត់យុទ្ធសាស្ត ព្រមទាំងការអនុវត្តកាន់តែ មានប្រសិទ្ធិភាពគ្រប់ជ្រុងជ្រោយ ក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា។ ក្រុមហ៊ុននេះ បានធ្វើការជាមួយម៉ាកយីហោល្បីៗ ជាច្រើនដូចជា BMW, DBS, Sony, P1, និង Astro ហើយត្រូវបានទទួលស្គាល់ ជាភ្នាក់ងារឯករាជ្យឆ្នើមប្រចាំឆ្នាំ និង​ជាភ្នាក់ងារឌីជីថល ប្រចាំឆ្នាំនៃប្រទេសម៉ាឡេស៊ី រយៈពេល៥ឆ្នាំជាប់ៗគ្នា។

លោក កៅ ភិរុណ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានមានប្រសាសន៍ថា «ខ្ញុំចង់និយាយនូវអ្វី ដែលអ្នកផ្សេងមិនហ៊ាននិយាយ ឌីជីថល គឺជានិន្នាការមួយ។​ ឌីជីថល គឺជាស្នូលនៃការផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយ ដែលយើងធ្វើ ដើម្បីអតិថិជនរបស់យើង ។ មនុស្សម្នាបានទទួលស្គាល់ និងបានប្រើប្រាស់វាយ៉ាងរលូន ហើយវាក៏វិធីសាស្រ្តដែលយើងត្រូវតែគិតដល់»។

លោក Adrian Lim អគ្គនាយកប្រតិបត្តិ VLT ក៏បានថ្លែងផងដែរថា «យើងមានក្តីសោមនស្សរីករាយដែលបាននៅទីនេះជាមួយ MSA ។ វិស័យឌីជីថលនៅប្រទេសកម្ពុជា នៅក្មេងខ្ចី និង កំពុងមានតម្រូវការ ក្នុងការរីកចម្រើនយ៉ាងខ្លាំង យើងរីករាយនឹងចែករំលែកបទពិសោធន៍ របស់យើងក្នុងការបង្កើត​​យុទ្ធសាស្រ្ត និង ខ្លឹមសារនៃសារដ៏មានអត្ថន័យ​ ជាមួយដៃគូរបស់យើង ដើម្បីភាពជោគជ័យនៃម៉ាកយីហោ ដែលគាត់ធ្វើការជាមួយ»

កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Kantar TNS បានអោយចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសដែលទទួលការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ការផ្សាយមាតិការពីម៉ាកយីហោ និងអន្តរកម្មតាមបណ្តាញ ទំនាក់ទំនងសង្គមហេ្វសបុកខ្ពស់បំផុត។

ដល់ចំណុចនេះលោក កៅ ភិរុណ បានមានចំណាប់អារម្មណ៍លើបញ្ហានេះថា «ភាពជាដៃគូនេះសំដៅដល់ការអភិវឌ្ឍ ការផ្សព្វផ្សាយ​ក្នុងវិស័យឌីជីថល ក៏ដូចជាប្រសិទ្ធិភាព នៃការបញ្ជ្រាបពីអាជីវកម្ម និងម៉ាកយីហោ​ទៅកាន់សាធារណជន។ យើងនឹងនាំយកគំនិតយោបល់របស់អ្នក មានបទពិសោធន៍ចាស់ទុំ ចូលមកក្នុងវិស័យឌីជីថលដ៏ក្មេងខ្ចី របស់យើងនេះ ផងដែរ!»។