(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនូវចំពោះមុខប្រជាជនខ្មែរ នាព្រលប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះថា «ប្រាសាទសំបូរព្រៃគុក» ដែលត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិខ្មែរទាំងមូល មិនមែនជា មោទនភាពរបស់បុគ្គលណាមួយនោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ខណៈសម្តេចបានអញ្ជើញចូលរួមនៅក្នុងពិធី អបអរសាទរការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើង នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

មានប្រសាសន៍នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះយើងពិតជា សប្បាយ រីករាយ ដែលបានរួមគ្នា ចូលរួមក្នុងការអបអរសាទរ នូវការដាក់តំបន់ "ប្រាសាទសំបូរព្រៃគុក" ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក នេះជាព្រឹត្តិការណ៍ថ្មី១ទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ យើងពិតជាបានបង្ហាញថា សម្បត្តិរួម គឺជាមោទនភាពជាតិយើងទាំងមូល មិនមែនជារបស់ផ្តាច់មុខរបស់អ្នកណានោះទេ»

ជាមួយគ្នានោះ សម្តេចតេជោ ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់មន្រ្តីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអង្គការទាំងអស់ ដែលបានចូលរួម អបអរសាទរ «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌ ពិភពលោក។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំអរគុណដល់ប្រព័ន្ធផ្សព្បផ្សាយ ដែលយកចិត្តទុកដាក់លើ «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជួយក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅទូទាំង ប្រទេស។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើ ឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដោយមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម៕