(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ហើយចូលរួមប្រយុទ្ធនឹងជំងឺនេះទាំងអស់គ្នា គ្រាដែលរដូវវស្សានៅក្នុងប្រទេសកម្ពុជា បានចូលមកដល់។

នៅលើទំព័រ Facebook របស់នាយកដ្ឋានប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឲ្យដឹងថា «ប្រទេសជិតខាងយើងកំពុងមានការរាតត្បាតជំងឺគ្រុនឈាម ដើម្បីបង្ការកុំឲ្យប្រទេសយើងផ្ទុះជំងឺគ្រុនឈាម សូមបងប្អូនចូលរួមទាំងអស់ក្នុងការបំបាត់ជំរកដង្កូវទឹក ការពារកូនកុំឲ្យមូសខាំ និងនាំកូនទៅពេទ្យជាបន្ទាន់បើសង្ស័យថាមានជំងឺគ្រុនឈាម។ បើបងប្អូនឃើញជំងឺគ្រុនក្តៅច្រើនខុសធម្មតាក្នុងភូមិ ក្នុងមូលដ្ឋានបងប្អូន សូមផ្តល់ពត៌មានទៅមន្រ្តីសុខាភិបាលនៅជិតបងប្អូនបំផុតឫរាយការណ៏តាមលេខទូរស័ព្ទ 115»

របាយការណ៍របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បានឲ្យដឹងថា «ក្នុងឆ្នាំ២០១៧នេះ អំឡុង២៤សប្ដាហ៍ ឆ្នាំ២០១៧នេះ គឺជំងឺគ្រុនឈាមមានចំនួន១,១៣៣ករណី និងស្លាប់១នាក់ (អត្រាស្លាប់០.១%) គឺករណីជំងឺគ្រុនឈាមមានការថយចុះជាង៥០% និងករណីស្លាប់ ថយចុះជាង ៨០%បើធ្រៀបនឹងទៅរយៈពេលដូចគ្នាក្នុងការឆ្នាំ២០១៦ ដែលមានចំនួន ២,៤៤៧ករណី និងស្លាប់៥នាក់ (អត្រាស្លាប់០.២%)»

តំបន់ដែលងាយឆ្លងជាងគេ គឺនៅតំបន់ដែលមានប្រជាជនរស់នៅច្រើន ដូចជា រាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ សៀមរាប កណ្ដាល និងកោះកុង ដូច្នេះសូមប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងនេះ មេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាពិសេសក្មេងតូចៗ ដែលងាយប្រឈមនឹងជំងឺដ៏កាចសាហាវនេះខ្លាំងណាស់។

ក្រសួងសុខាភិបាល បានប្រកាសថា ដើម្បីកុំឲ្យជំងឺគ្រុនឈាមនេះ រីករាលនៅតាមមូលដ្ឋាន និងធ្វើយ៉ាងណាការពារកុមារ កុំឲ្យកើតជំងឺគ្រុនឈាម ប្រជាពលរដ្ឋ ត្រូវរួមគ្នាកម្ចាតជំរកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម តាមរយៈការសម្អាតលំនៅឋាន កុំឲ្យមានទឹកដក់ ដោយធ្វើការកប់ ឬដុតចោលនូវត្រឡោកដូង សំបកកំប៉ុង កង់ឡាន និងវត្ថុដក់ទឹកផ្សេងៗទៀត ដែលអាចជាប្រភពជំរករបស់ដង្កូវ ទឹកមូសខ្លា។

សូមលាងសម្អាតពាង ឲ្យបានស្អាតល្អ កុំឲ្យមានដង្កូវទឹក ឬចិញ្ចឹមត្រីសម្រាប់ឲ្យស៊ីដង្កូវទឹក សូមដាក់ថ្នាំសំលាប់ដង្កូវទឹកក្នុងពាង តាមការណែនាំរបស់ភ្នាក់ងារសុខាភិបាលរួមគ្នាបំផ្លាញដង្កូវទឹក ដែលជាប្រភពបង្កជំងឺ គ្រុនឈាម ឲ្យបានយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម៕