(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំ បែបភ័យរន្ធត់ តក់ស្លុត របស់ផលិតកម្ម «មាតុចក្រហ្វីមល៍» មានចំណងជើងថា «វិកលចរិត» បានចាប់ផ្ដើម​បើកយុទ្ធនាការ ចាក់បញ្ចាំង​នៅក្នុងប្រទេសថៃ និង​ឡាវ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះហើយ ខណៈដែល​នេះ ​គឺជាខ្សែ​ភាពយន្ដខ្មែរដ៏ល្បីមួយទៀត​ហើយ ដែលត្រូវយកទៅចាក់បញ្ចាំង តាមបណ្ដា​ប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសជិតខាង បន្ទាប់ពីទទទួលបានពានរង្វាន់ ពីមហោស្រពភាពយន្ត​​នៅប្រទេសចិន។

បើយោងតាម លោក ហ៊ុយ យ៉ាឡេង ជាចាងហ្វាងផលិតកម្ម មាតុចក្រហ្វីមល៍ និង​ជាតួសម្ដែងក្នុងរឿងនេះ បានថ្លែងប្រាប់ Khmer Talking ឲ្យដឹងថា «ការចាក់បញ្ចាំងរឿង វិកលចរិត នេះ គឺដើម្បីអបអរសាទរ ខណៈដែលភាពយន្តនេះ ជាខ្សែភាពយន្តខ្មែ​ខ្នាតធំ ដែលទទួលបានពានរង្វាន់ ពីប្រទេសចិ​ន»

លោកបន្តថា ​«ម្យ៉ាងវិញទៀត ជាមួយគ្នានឹងការត្រៀមចាក់បញ្ចាំង នៅក្នុងប្រទេសថៃ និងឡាវ ខាងមុខនេះ ក៏ជាឱកាសមួយ ក្នុងការរកជំនួយបន្ថែម ដើម្បីជួយដល់មនុស្សបាត់បង់សតិបញ្ញា (មនុស្សវិលកចរិត) នៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញឲ្យឃើញ តាមរយៈរឿងនេះ ឲ្យទស្សនិកជន បានដឹង!»

សូមបញ្ជាក់ថា ដោយសារតែសាច់រឿង «វិកលចរិត» មានភាពប្រទាក់ក្រឡាគ្នា តាំងពីដើមរឿង ដល់ទីបញ្ចប់​ ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ភ្ញាក់ផ្អើលរឿងខ្មែរមួយនេះ។ ម្យ៉ាងទៀត វាមានលក្ខណៈបច្ចេកទេស និង​គុណភាពស្ដង់ដារអន្តរជាតិ ដែល​មិនងាយនឹងមាននរណា​ផលិតឡើងបាន ដោយងាយស្រួលឡើយ៕