(ភ្នំពេញ)៖ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចមួយ បន្ទាប់ពីលោក ហ៊ា ហាវ មានឋានៈត្រឹមចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មកពីគណបក្ស សង្រ្គោះជាតិ បានចេញលិខិតបញ្ជាក់ភាពស្អាតស្អំ (មិនដែលប្រព្រឹត្តបទល្មើស) ដល់ប្រជាពលរដ្ឋ ដោយបានសរសេរថា៖ «យើងចៅសង្កាត់ សង្កាត់ស្វាយដង្គំ​ សូមបញ្ជាក់ថា ណា​ប់ រើន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ កន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប, ជាប្រជាពលរដ្ឋ មានកិរិយាមាយាទស្លូតបូត មិនដែលប្រព្រឹត្តបទល្មើសណាមួយ ដែលនាំឲ្យការចោទប្រកាន់ពីតុលាការសោះឡើយ។ ក្នុងនាមយើងចៅសង្កាត់ស្វាយដង្គំ និងជាអ្នករស់នៅក្នុងភូមិដូចគ្នា​ សូមធានាថា បុគ្គលខាងលើនេះមិនបានប្រព្រឹត្តដូចអ្វីដែលគេបានចោទប្រកាន់នោះទេ»។ ទង្វើនេះត្រូវបានអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ ប្រតិកម្មថា មេឃុំមិនមានសិទ្ធិចេញការបញ្ជាក់ដូចនេះទេ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រតិកម្មយ៉ាងដូច្នេះថា «មេឃុំមិនមានសិទ្ធិចេញការបញ្ជាក់ដូចនេះទេ ព្រោះមេឃុំពុំមែនជាអ្នកគ្រប់គ្រង សាលក្រម ឬសាលដីកាតុលាការផ្តន្ទាទោសបុគ្គលណាម្នាក់នោះទេ! សូមពិនិត្យអត្ថបទក្រមនីតិវិធីព្រហ្មទណ្ឌ អំពីសមត្ថកិច្ចដែលមានតួនាទីអនុវត្តកិច្ចការនេះ!​ មេឃុំចៅសង្កាត់ត្រូវព្យាយាមស្វែងយល់អំពីច្បាប់ ដើម្បីជៀសវាងកំហុសបែបនេះ»!

ទង្វើមិនយល់ពីច្បាប់របស់ចៅសង្កាត់ នៅគណបក្សសង្រ្គោះជាតិខាងលើនេះ ត្រូវបានមហាជនរិះគន់ថា ជាការខ្វះភាពបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ របស់គណបក្សសង្រ្គោះជាតិ ដល់មន្រ្តីរបស់ខ្លួនដែលជាប់ជាមេឃុំ-ចៅសង្កាត់ ដើម្បីមកបំពេញការងារជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕