(ភ្នំពេញ)៖ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ ការដ្ឋានសាងសង់ ផ្លូវបេតុងឆ្អឹងដែក និងប្រពន្ធ័លូ នៅភូមិទី៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការចុះពិនិត្យការដ្ឋានសាងសង់នេះ បានធ្វើឡើងស្របពេលដែល លោកអភិបាលខណ្ឌដូនពេញ បានសន្យាជាមួយប្រជាពលរដ្ឋក្នុងភូមិ៦ (តំបន់បឹងកក់) ក្នុងអំឡុងពេលដែលលោក ចុះមកពិនិត្យស្ថានភាព និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយការលិចលង់ផ្ទះសំបែង ដែលបណ្តាលមកពីទឹកភ្លៀង នាពេលកន្លងមក។

លោក សុខ ពេញវុធ បានបញ្ជាក់ថា សាលាខណ្ឌដូនពេញ នឹងធ្វើការស្ថាបនាផ្លូវបេតុងនិងដាក់លូថ្មី ដោយលើកកំពស់ផ្លូវនិងនីវ៉ូលូរំដោះ ទឹកភ្លៀងនៅក្នុងតំបន់នេះ ឲ្យបានខ្ពស់ស្មើនឹងនីវ៉ូផ្លូវមេ ដើម្បីបង្ការ និងទប់ស្កាត់ការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ។

ការសន្យារបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាពេលកន្លងមកនោះ ឥឡូវនេះលោកអភិបាលបានធ្វើជូនប្រជាពលរដ្ឋ ហើយ គឺមិនសន្យាខ្យល់ដូចថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សមួយនោះឡើយ៕