(កណ្តាល)៖ ប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារ រស់នៅក្នុងឃុំលើកដែក​ ស្រុកលើកដែក ខេត្តក​ណ្តាល ​បាននាំគ្នាដាក់ពាក្យបណ្ដឹងប្ដឹងបុរសម្នាក់ឈ្មោះ «ភួង ដា» ដែលគេស្គាល់ថា ជាអ្នកមានប្រចាំតំបន់ បានយកយកគ្រឿងចក្រ ទៅជីកដីលើកជាទំនប់ព័ទ្ធ​បឹងអតីតដែនឡូត៍នេសាទលេខ៦ ​ក្នុងបឹងអន្លង់អាយ៉ាង និងបឹងខ្យង យកទៅធ្វើជាដីកម្មសិទ្ធិ ប៉ុន្ដែពាក្យបណ្ដឹងនេះមានរយៈពេល១០ថ្ងៃហើយ សាល​​ឃុំព្រែកដាច់ មិនទាន់មានចំណាត់ការនោះទេ។

ដោយសារតែគ្មានដំណោះស្រាយបែបនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋបាននាំគ្នាទៅដកពាក្យបណ្ដឹងពីសាលាឃុំនោះ ដើម្បីយកទៅប្ដឹងនៅសាលា ស្រុកលើកដែកម្ដង ព្រោះពួកគាត់គ្មានទំនុកចិត្តលើ អាជ្ញាធរឃុំនោះឡើយ។

តំណាងពលរដ្ឋទាំងជិត១០០គ្រួសារឈ្មោះ កុយ  ​វ៉ាង ​អាយុ៤៥ឆ្នាំ បាននិយាយថា​ ឈ្មោះ ភួង ដា ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំជាមួយគ្នា ដែលជាអ្នកមានលុយ បានយកគ្រឿងចក្រទៅជីក​លើកទំនប់ហ៊ុព័ទ្ធយកដីបឹង អតីតដែនឡូត៍នេសាទលេខ៦ បឹងអន្លង់អាយ៉ាង​ និងបឹងខ្យង​ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយគេបានជីកជាប្រឡាយទទឹង ដែលមា​នទទឹង៤ម៉ែត្រ បណ្តោយរាប់រយ រួចដាក់សំរាស​មិនឲ្យពួកគាត់ចូលទៅនេសាទបានផងដែរ​។​

ប្រជាពលរដ្ឋទាំងនោះ បានសម្ដែងនូវការព្រួយបារម្ភថា បើអាជ្ញាធរ ឬជំនាញមិនមានវិធានការជួយទប់ស្កាត់នោះទេ ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ដែលរំពឹងតែលើរបរនេសាទ ប្រឈមនឹងការបាត់បង់ទីកន្លែងនេសាទ ដែលពួកគាត់នេសាទតាំងពីដូនតាមកម្ល៉េះ។

ពាក់ព័ន្ធ​ការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ​ខាងលើនោះ លោក វិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានឲ្យដឹងថា លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ បើស្រាវ​ជ្រាវទៅឃើញថា បុគ្គលនោះប្រព្រឹត្តខុសច្បាប់ ហើយលោកមិនបណ្តោយជាដាច់ខាត។ យ៉ាងណាមិញ​លោក ​ភួង ដា បាននិយាយថា លោកជីកពិតមែន តែ​ជីកតែដីលោកទេ មិនបានជីកលើដីពលរដ្ឋនោះទេ ចង់ប្តឹងដល់ណាប្តឹងទៅ។

បើយោងតាមច្បាប់វិញ ចំពោះ​បឹងជាសម្បត្តិរដ្ឋ មិនមានបុគ្គល់ណាម្នាក់ យកធ្វើជាកម្មសិទ្ធិ ឬលក់ដូរបាននោះទេ តែអាចអាស្រ័យផលលើ​ដីនោះបាន៕