(ភ្នំពេញ)៖ យោងតាមលិខិតរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀល​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះបានឲ្យដឹងថា សាលាដំបូងខេត្តព្រះសីហនុ ដាក់លិខិតជូនប្រធានគណៈមេធាវីកម្ពុជា ដោយស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែត និងស្នើចាត់វិធានការសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើមេធាវី ពុធ ធាវី ផងដែរ។

នៅក្នុងលិខិតរប​ស់សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទង្វើរបស់លោកមេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែតសាធារណៈ ចោទប្រកាន់ និងវាយប្រហារមកលើស្ថាប័នតុលាការខេត្តព្រះសីហនុ ទាក់ទងនឹងការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើកូនក្តីឈ្មោះ ឈន ផ្លុំ គឺបានបំពានលើការសំងាត់ វិជ្ជាជីវៈមេធាវី ដូចមានចែងក្នុងមាត្រា៧ នៃក្រមសីលធម៌មេធាវី និងចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដូចមានបញ្ញត្តិនៅក្នុងមាត្រា៣១៤ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។​

ការស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី និងស្នើចាត់វិធានការដាក់ទណ្ឌកម្មវិន័យ ធ្វើឡើងបន្ទាប់ពីលោកមេធាវី ពុធ ធាវី និងកូនក្តីជាច្រើនរូប បាននាំគ្នាធ្វើសន្និសិទកាសែតជាសាធារណៈកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ និងក្រោយពីបែកធ្លាយឯកសារសំងាត់មួយលើកិច្ច ព្រមព្រៀងចែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ។

ខាងក្រោមនេះជាលិខិតរបស់សាលាដំបូងខេត្តព្រះសីហនុ៖