(ភ្នំពេញ)៖ ក្រោយ​ពី​អង្គភាពព័ត៌មាន​ Fresh News នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ ចេញ​ផ្សាយ​ខ្លឹមសារ​​ថា​ សាលាដំបូងខេត្តព្រះសីហនុ ដាក់លិខិតជូន ប្រធានគណៈមេធាវីកម្ពុជា ដោយស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែត និងស្នើចាត់វិធានការសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើមេធាវី ពុធ ធាវី​ នោះ​, លោកមេធាវី​ ពុធ​ ធាវី​ បាន​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​ថា​ លោក​ពេញ​ចិត្ត​និង​រីករាយ​នឹង​ចូល​បំភ្លឺ​ជូន​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ តែ​ស្នើ​ឲ្យ​តុលាការ​ខេត្ត​ព្រះសីហនុ​ ពិនិត្យ​ពាក្យ​ស្នើ​នេះ​ឲ្យ​បាន​ម៉ត់ចត់​បន្តិច​ ព្រោះ​វា​ខុស​នឹង​អង្គហេតុ​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​។

សារ​សម្លេង​តាម​បណ្ដាញ​ទំនាក់ទំនង Line ផ្ញើ​ជូន​ភ្នាក់ងារ​សារព័ត៌មាន​ Fresh News លោក​មេធាវី​ ពុធ​ ធាវី​ អះអាងថា​ លោក​បាន​ពិនិត្យ​ខ្លឹមសារ​លិខិត​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​ រួច​ហើយ​ ។​ ហើយ​លោក​ពេញ​ចិត្ត​និង​រីករាយ​ នឹង​ចូល​បំភ្លឺ​ជូន​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ អំពី​ករណី​នេះ​ ។​ លោក​ សង្កត់​ធ្ងន់​ថា​ គ្រាន់​តែ​អន្តរាគមន៍​ជូន​កូន​ក្តី​មាន​ទោស​ដែរ​ យើង​ជា​មេធាវី​គួរ​លាលែង​ពី​មេធាវី​ ទៅ​លក់​ត្រី​ងៀត​ លក់​គុយទាវ​តាម​ផ្សារ​វិញ​។ (សូមស្តាប់សម្លេងមេធាវីខាងក្រោម)

គួរ​បញ្ជាក់​ថា​ នៅក្នុងលិខិតរប​ស់សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទង្វើរបស់លោកមេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែតសាធារណៈ ចោទប្រកាន់ និងវាយប្រហារមកលើស្ថាប័នតុលាការខេត្តព្រះសីហនុ ទាក់ទងនឹងការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើកូនក្តីឈ្មោះ ឈន ផ្លុំ គឺបានបំពានលើការសំងាត់ វិជ្ជាជីវៈមេធាវី ដូចមានចែងក្នុងមាត្រា៧ នៃក្រមសីលធម៌មេធាវី និងចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដូចមានបញ្ញត្តិនៅក្នុងមាត្រា៣១៤ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។​

ការស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី និងស្នើចាត់វិធានការដាក់ទណ្ឌកម្មវិន័យ ធ្វើឡើងបន្ទាប់ពីលោកមេធាវី ពុធ ធាវី និងកូនក្តីជាច្រើនរូប បាននាំគ្នាធ្វើសន្និសិទកាសែតជាសាធារណៈកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ និងក្រោយពីបែកធ្លាយឯកសារសំងាត់មួយលើកិច្ច ព្រមព្រៀងចែកភាគលាភ (ផលប្រយោជន៍) របស់មេធាវី ពុធ ធាវី និងក្រុមការងារ៤១នាក់ ផ្សេងទៀតជុំវិញបញ្ហាជម្លោះដីធ្លី នៅខេត្តព្រះសីហនុ៕