(ភ្នំពេញ)៖ លោក សំហេង បុរស ប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៣ លើកទី១៨ ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងថវិកាសម្រាប់អនុវត្តឆ្នាំ២០១៨ និងរៀបចំផែនការកំណែទម្រង់ ការផ្តល់តាវកាលិកជូនសិទ្ធិវន្ត ដែលជាអតីតមន្ត្រីរាជការស៊ីវិល ជាយន្តការក្នុងការជំរុញដំណើរការ នៃការផ្តល់របបសន្តិសុខសង្គមជូននិវត្តន៍ជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងមានភាពងាយស្រួល។

​ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ​បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល បានខិតខំធ្វើការដំឡើងរបបសន្តិសុខសង្គម ជូនសិទ្ធិវន្តដែលជាអតីតមន្ត្រីរាជការស៊ីវិលជាបន្តបន្ទាប់ ជាក់ស្តែងឆ្នាំ២០១៧នេះ ប្រាក់សោធននិវត្តន៍ ត្រូវបានតម្លើងទៅតាមកម្រិត ដែលប្រាក់សោធននិវត្តន៍ទាបបំផុតគឺ ៤២០,០០០រៀល​ក្នុង១ខែ។

លោក សំហេង បុរស ក្នុងនាមជាប្រធានអង្គប្រជុំ បានកោតសរសើរចំពោះមន្ត្រីរាជការ និងបុគ្គលិកទាំងអស់របស់ បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អប្រសើរ​ នាពេលកន្លងមក និងបានសំណូមពរ ដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ បន្តបំពេញការងាររបស់ខ្លួនបន្តទៀត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើខ្លួនជាអ្នកបម្រើប្រជាជនពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ កម្រិតជីវភាពរបស់និវត្តន៍ជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ ដែលជាអតីតមន្ត្រីរាជការស៊ីវិល ឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល បានសម្រេចនូវលទ្ធផលមួយចំនួនដូចខាងក្រោម៖

១៖ឯកភាពលើគម្រោងចំណាយថវិកាសម្រាប់ឆ្នាំ២០១៨ ដែលបានរៀបចំឡើង ដោយបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល

២៖ឯកភាព និងបន្តរៀបចំនូវផែនការកំណែទម្រង់ ប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការស៊ីវិល ដើម្បីកាត់បន្ថយ​គម្លាតរវាងអ្នកដែលទទួលបានប្រាក់សោធននិវត្តន៍ខ្ពស់ និងទាប

៣៖បន្តរៀបចំផែនការរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ឲ្យស្របទៅនឹងក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម ក្នុងគោលបំណងកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ ធានាឲ្យបាននូវសន្តិសុខប្រាក់ចំណូល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព៕