(ព្រះសីហនុ)៖ ក្រោយបញ្ចប់ការសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុរួចមក បុគ្គលម្នាក់ឈ្មោះ ង៉ែត ណារិន ហៅ«យូ ណារិន» ដែលតាំងខ្លួនជាឧត្តមសេនីយ៍ ផ្កាយ២ និងមានតួនាទីជាមេបញ្ជាការរង នៃទីបញ្ជាការដ្ឋានអង្គរក្ស​នាយករដ្ឋមន្ដ្រី ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ​ពាក់ព័ន្ធរឿងប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh News ថា «ក្រោយបញ្ចប់ការសួរនាំ នៅពេលនេះយើងបានបញ្ជូនជននេះ ទៅតុលាការហើយ ដើម្បីបន្តការសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត»។

សូមជម្រាបថា បុគ្គលម្នាក់ឈ្មោះ «យូ ណារិន» ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបាននៅរសៀលថ្ងៃទី១​៩ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ហើយក្រោយសួរនាំបុគ្គលនេះមានឈ្មោះពិត «ង៉ែត សារិន» អាយុ៤៧ឆ្នាំ មុខរបរទិញលក់ដី មានទីលំនៅបច្ចុប្បន្នភូមិ៤ ឃុំទំនប់រលក ​ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ។

គួររំលឹកថា នាពេលថ្មីៗកន្លងទៅនេះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ដែលអះអាងថា ជាឧត្តមសេនីយ៍ទោ នៅបញ្ជាការដ្ឋានអង្គរក្ស ហើយប្រមូលប្រជាជនទៅសង់ខ្ទមរំលោភបំពានដីកម្មសិទ្ធិរដ្ឋ និងអ្នកដទៃនៅខេត្តព្រះសីហនុ។

បើតាមការលួចបង្ហើបពីសមត្ថកិច្ច បុគ្គលរូបនេះបានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅបោកលុយគេជាច្រើននាក់ ខ្លះអស់រាប់ម៉ឺនដុល្លារទៀតផង៕