(បន្ទាយមានជ័យ)៖ មេយោធាខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា បានបញ្ជាក់មកកាន់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះថា ចំពោះព័ត៌មាន និងសេចក្ដីរាយការណ៍ថា មានការជួញដូរអាវុធធុនធ្ងន់ចេញពីកម្ពុជា ចូលទៅក្នុងទឹកដីថៃ ដែលត្រូវបានបង្ក្រាប ក្នុងខេត្តស្រះកែវនោះ គឺជារឿងមិនពិតនោះឡើយ ដោយសារតែជនល្មើសទាំង៥នាក់ មិនទាន់សារភាពថា នាំចេញពីទីណាពិតប្រាដក។

នៅវេលាម៉ោងជាង១០​ព្រឹកថ្ងៃនេះ លោកឧត្តមសេនីយ៍ ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានដឹកនាំ កម្លាំងមួយក្រុមជួបពិភាក្សាការងារនេះ ជាមួយមេបញ្ជាការប្រចាំតំបន់ភូមិភាគរបស់ថៃ ហើយជាលទ្ធផលនោះ ជនល្មើសទាំង៥នាក់ មិនបានសារភាពថា នាំអាវុធហត្ថទាំងនេះចេញពីកម្ពុជា តាមច្រករបៀងណានោះឡើយ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលជួបគ្នានៅម៉ោងជាង១០មុននេះ មេបញ្ជាការប្រចាំតំបន់ភូមិភាគថៃ បានប្រាប់យើងថា តាមការស្រាវជា្រវ គឺមានមេក្លោងជាជនជាតិថៃ អ្នកបញ្ជា ហើយនៅពេលនេះខាងថៃ កំពុងតាមចាប់មេក្លោងនោះ។ ដោយឡែកជនល្មើសទាំង៥នាក់ ក៏មិនទាន់សារភាពថា ពួកគេនាំអាវុធទាំងនេះពីកម្ពុជាដែរ គ្រាន់តែថា នាំចេញនៅចម្ងាយ២គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា»

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចខេត្តស្រះកែវ ប្រទេសថៃ បានបង្ក្រាបការនាំចូលអាវុធធុនធ្ងន់មួយ ដែលតាមព័ត៌មានខ្លះសង្ស័យថា នាំចេញពីខេត្តបន្ទាយមានជ័យ តាមច្រករបៀងជាប់ព្រំដែន ទល់មុខខាងភាគីថៃ គឺភូមិភ្នំប៉ៃខៀវ។

ប្រតិបត្តិការបង្ក្រាបការនាំចូលអាវុធ ដែលបានធ្វើឡើងនៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង នៅលើកំណាត់ផ្លូវលេខ​៣៥៩ ​ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ​ស្រុកមឿងស្រះកែវ​ ខេត្តស្រះកែវ កាលពីវេលាម៉ោង១២៖៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្រុមសមត្ថកិច្ចរបស់ថៃ បានឃាត់ខ្លួនជនល្មើស ជាជនជាតិថៃចំនួន៥នាក់ ព្រមទាំងដកហូតអាវុធធុនធ្ងន់រួមមាន កាំភ្លើងត្បាល ប្រភេទ៨២មីលីម៉ែត្រ ចំនួន២ដើម និង៨០មីលីម៉ែត្រ ចំនួន១ដើម ព្រមទាំងគ្រាប់រ៉ុកកែត៣ឈុត រថយន្ដ៣គ្រឿង និងទូរស័ព្ទ៦គ្រឿង៕