(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រធានប្រតិភូទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខា ផែស្ងួតចុងទីភ្នំពេញ​ បានឲ្យមន្រ្តីកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារហេងបេងជ្រី​ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងធ្វើតេស្តរកសាធាតុគីមី នៅក្នុងចំណីអាហារនៅក្នុងផ្សារ ដោយលទ្ធផលបានរកឃើញ សារធាតុគីមីហាមឃាត់ បូរ៉ាក់ នៅក្នុងប្រហិតត្រីដែល​លាយគ្រឿងហើយ បានដកហូតសរុប៣,២គីឡូក្រាម​ នៅព្រឹកថ្ងៃទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧នេះ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ​។

​ឆ្លៀតក្នុងឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលរាជធានីភ្នំពេញ​ បានណែនាំក្រុមអាជីវករ​ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈ​បច្ចេកទេស​ ដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ ​ហាមការដាក់តាំងផលិតផលភេសជ្ជះ ត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​ លោកក៏បាន​បញ្ជាក់បន្ថែមថា​ ប្រតិបត្តិការចុះពិនិត្យទំនិញនៅ ផ្សារហេងបេងជ្រី លទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងប្រហិតត្រីដែលលាយគ្រឿងហើយ បានដកហូតសរុបជាង ៣,២គីឡូក្រាម​ និងអញ្ជើញអាជីវករៗទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមនៅសាធាតុគីមីហាមឃាត់ ធ្វើការណែនាំអាជីវករ និងផ្អាកមិនអោយលក់បណ្តោះអាសន្ន​ ។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។

​គេសង្កេតឃើញថាក្នុងប្រតិបត្តិការខាងលើនេះ​ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ​ ទឹកចិត្តរីករាយ​នឹងគាំទ្រ ចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង​ នឹងស្តាម៉ាត​ នានា​ក្នុងរាជធានីភ្នំពេញ​ រកសារធាតគីមី​ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជា ការពារសុខភាពរបស់ពួកគាត់ផងដែរ៕