(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីរំលឹកខួបរយៈពេល៣ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យក្វាងជូ ដោយមានការចូលរួមពី ប្រធានមន្ទីរពេទ្យ ក្វាងជូ និងប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រួច ប្រមាណ៥០០នាក់នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ។

នៅក្នុង​ឱកាសនោះលោក វ៉ី សំណាង បានថ្លែងថា ដោយសារតែប្រទេសមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន​ សែន​ ជានាយករដ្ឋ​មន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យសុខាភិបាលលមានការ រីកចម្រើនពីទីប្រជុំជន រហូតដល់តំបន់ដាច់ស្រយាល ដែលបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ បានទៅព្យាបាលជំងឺពិនិត្យសុខភាព ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់​រដ្ឋាភិបាលកម្ពុជា បានចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល និងចុះណែនាំពលរដ្ឋពីផងប៉ះពាល់ការទទួលសេវាព្យាបាល ដោយគ្មានចំណេះជំនាញ ច្បាស់លាស់ធ្វើឲ្យ ខាតបង់ថវិកា និងប៉ះពាល់សុខភាព យ៉ាងខ្លាំង។

លោក វ៉ី សំណាង បានបន្តថា ដោយសារវិស័យសុខាភិបាលជាវិស័យស្នូលដ៏សំខាន់ ក្នុងចំណោមវិស័យស្នូលទាំងបួនរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីអនុវត្តន៍ ប្រកបដោយស្ថេរភាព និរន្តភាពប្រសិទ្ធិភាព ក្នុងអនុវត្តន៍ការងារសុខាភិបាល ក៏ដូចជាចូលរួម លើកស្ទួយសុខភាព ប្រជាពលរដ្ឋក្នុងសហគមន៍ និងអភិវឌ្ឍន៍ប្រទេសជាតិផងនោះ។

លោកបានបញ្ជាក់ថា «រាល់សកម្មភាពរបស់បានសហការ ជាមួយមន្ទីរសុខាភិបាលបានល្អនេះ បានបង្ហាញថា គុណភាពពេទ្យ និងការលើកស្ទួយសុខភាពរបស់ ពលរដ្ឋបានប្រសើរ គ្មានប្រទេសដែលមានមនុស្សមិនចេះឈឺនោះទេ ដូច្នេះយើងគួរគាប្បីបង្កើន មន្ទីរពេទ្យ បង្ខិតសេវាសុខាភិបាលឲ្យដល់មូលដ្ឋានឲ្យបានទាំងអស់រឹតតែប្រសើរ»

ទន្ទឹមនឹងនោះ លោកក៏បានគូសបញ្ជាក់បន្ថែមថា ដើម្បីឲ្យការព្យាបាល ប្រកបដោយគុណភាព និងទទួលបានការទទួលស្គាល់ ពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុក​ដាក់ ក្នុងការផ្តល់សេវាប្រកបដោយក្រមសិលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសក្រមសីលធម៌វិជ្ជាជីវៈព្យាបាល​អ្ន​ក​ជំងឺផ្លូវចិត្ត និងអ្នកមកទទួលសេវា បន្សាបគ្រឿងញៀន និងបានសុំឲ្យបញ្ចូលក្រមសីលធ៌ម វិជ្ជាជីវៈពេទ្យ ទៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ ពាក្យថា «ពេទ្យ» វាបានបង្កប់នូវ សីលធម៌ និងសុជីវធម៌ រួចជាស្រេចហើយពិសេស «ពេទ្យ» ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ក្នុងការប្រកបរបរវិជ្ជាជីវៈពេទ្យនេះ។​ ចំណែកឯការប្រាស្រ័យទំនាក់ទំនងរវាងគ្រូពេទ្យព្យាបាល និងអ្នកជំងឺ ត្រូវតែពង្រឹងឲ្យបាន ព្រោះនេះជាតម្លៃមួយរបស់វិជ្ជាជីវៈ និងជាចំនុចចាប់ផ្តើម ដើម្បីឈានទៅរកគុណភាព នៃការថែទាំ និងព្យាបាល ហើយក្រសួងសុខា​ភិបាល កំពុងតែយកចិត្តទុកដាក់ ធ្វើកំណែទម្រង់ តាមមណ្ឌល​សុខភាព នៅទូទាំងរាជធានី-ខេត្តក្នុងឆ្នាំ២០១៧នេះ។

លោកវិជ្ជបណ្ឌិត ស ឆុងសុង (Dr.seo Jeong) ប្រធានអង្គហូបទ្រី បានថ្លែងថា មន្ទីរពេទ្យក្វាងជូ ពិតជាបានជួយដល់ការព្យាបាលដែល មានគុណភាពក្រោមការជួយ ជាថវិការបស់អង្គការ ហូបទ្រី នៅទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លាអាមេរិក ដែលថវិកាទាំងនេះជាចំណែក មួយរបស់អង្គការជាតិ អន្តរជាតិក្រៅរដ្ឋាភិបាលមកពីប្រទេសកូរ៉េ៕