(ព្រៃវែង)៖ លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ប្រមាណជាង៥០ម៉ឺននាក់ ក្នុងនោះស្ដ្រីសម្រាលកូនមានជិត៩ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីពិនិត្យជំងឺរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួនសរុប៥១៤,៩០៨ករណី ហើយករណីថ្មី ចំនួន៤៧៦,១០៨ករណី ក្នុងនោះអ្នកជំងឺក្រៅ ប្រើប្រាស់​សេវាក្រីក្រ ​គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាលនិងដៃគូ អភិវឌ្ឍមានចំនួន ៦០,៥៦៩ករណី, អ្នកជំងឺសម្រាកសរុប២០,២០៧នាក់ ការប្រើប្រាស់​សេវាប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍមានចំនួន ២,៧៧៦នាក់ និងទទួលបានការលើកលែងបង់ថ្លៃ សេវាតាមគោលនយោបាយ របស់រាជ​រដ្ឋាភិបាល​ចំនួន ១,០៤៣នាក់។

លោក​បន្តថា​ អ្នកមកសម្រាលកូន សរុបមាន​ចំនួន ៨,៧០៦នាក់ នៅក្នុងនោះសម្រាកនៅមណ្ឌលសុខភាព បានចំនួន៥,៧៩៩នាក់ ក្នុងចំណោមសម្រាលកូន​ខាងលើ ការប្រើប្រាស់​សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយ​​មូលនិធិសមធម៌ ដែលផ្តល់ដោយ រាជរាដ្ឋាភិបាល និងដៃ​គូរអភិវឌ្ឍន៍មាន៨៥៥នាក់ និងទទួលបានការលើកលែងបង់ថ្លៃសេវា​ តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលមាន ៩២៦នាក់។

​លោកបន្ថែមថា លទ្ធផលទាំងអស់នេះ បានមកពីការខិតខំប្រឹងប្រែងកំណែទម្រង់របស់រដ្ឋាភិបាល ​ក្រសួងសុខាភិបាល និងមួយផ្នែកទៀត បានមកពីការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការសុខាភិបាលគ្រប់ជាន់ថ្នាក់ ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន ស្រុក ឃុំក្នុងការបម្រើសេវា សុខាភិបាល ជូនប្រជាពលរដ្ឋបានល្អ និងធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ មកលើវិស័យសុខាភិបាលនៅទូទាំងខេត្ត និងនាំគ្នាមកសម្រាក ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពបានគ្រប់ៗគ្នា៕